មហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ទើបតែបានឌឺដង ដៀមដាមជាសាធារណៈ ឱ្យ Apple នៅក្នុងថ្ងៃប្រកាសលទ្ធផលអាជីវកម្មរបស់ Tesla។
សារព័ត៌មាន CNBC បានរាយការណ៍ថា CEO របស់ក្រុមហ៊ុន Tesla គឺលោក Elon Musk បាននិយាយចំអកឱ្យ «អ្នកជិតខាង» នៅក្នុងជ្រលង Silicon (Apple) រហូតដល់ 2 លើក នៅក្នុងកិច្ចប្រជុំប្រកាសលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីម្សិលមិញ។
ក្រុមហ៊ុន Tesla និង Apple មិនទាន់មានការប្រកួតប្រជែងផ្ទាល់ជាមួយគ្នានៅឡើយ។ ប៉ុន្តែ ថ្មីៗនេះ Apple បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងអភិវឌ្ឍរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្ត។ Apple ក៏បានទាក់ទាញវិស្វករ និងមេដឹកនាំជាន់ខ្ពស់ជាច្រើននាក់ ពី Tesla ធ្វើឱ្យទំនាក់ទំនងរបស់ក្រុមហ៊ុនទាំងពីរ មានភាពតានតឹង។ គម្រោងផលិតរថយន្តអគ្គិសនី បើកបរស្វ័យប្រវត្តដែលមានឈ្មោះថា Titan របស់ Apple ក៏កំពុងត្រូវបានដឹកនាំដោយ Doug Field ដែលបានមកធ្វើការឱ្យ Apple តាំងពីឆ្នាំ 2018 បន្ទាប់ពីនៅជាមួយ Tesla បាន 5 ឆ្នាំ។
«ខ្ញុំគិតថា Apple ប្រើប្រាស់ធាតុគីមី cobalt 100% សម្រាប់ថ្មទូរស័ព្ទ និងកុំព្យូទ័រយួរដៃរបស់ពួកគេ ប៉ុន្តែ Tesla វិញ មិនដូច្នោះទេ។ តាមគណនា យើងប្រើប្រាស់តែ 2% ប៉ុណ្ណោះ ធៀបនឹង Apple។ ដូច្នេះ យើងមិនរងផលប៉ះពាល់ច្រើនឡើយ នៅពេលបណ្ដាញផ្គត់ផ្គង់ (cobalt) ត្រូវច្របូកច្របល់» នៅក្នុងកិច្ចប្រជុំ ប្រកាសលទ្ធផលអាជីវកម្ម មហាសេដ្ឋី Elon Musk បានឆ្លើយតបនឹងសំណួរ ស្ដីពីបណ្ដាញផ្គត់ផ្គង់របស់ Tesla។
មួយភាគនៃបរិមាណ cobalt ត្រូវបានជីករុករកនៅក្នុងប្រទេសជាច្រើន មានដូចជា កុងហ្គោ ជាដើម ទទួលរងការរិះគន់ច្រើន ទាក់ទិននឹងបញ្ហាបំពានកម្លាំងពលកម្មកុមារ និងរំលោភសិទ្ធិមនុស្ស។ ឆ្នាំ 2019 Apple និង Tesla រួមនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀត ត្រូវបានគេហៅថា ជនជាប់ចោទ នៅក្នុងបណ្ដឹងមួយ ទាក់ទងនឹងសិទ្ធិមនុស្ស។
ចំពោះខ្លួនឯងវិញ នៅក្នុងរបាយការណ៍មួយដែលត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ Apple បានឱ្យដឹងថា ខ្លួនបានប្រកាសបញ្ជីឈ្មោះប្រភេទរ៉ែ និងរោងចក្ររំលាយ ចម្រាញ់ cobalt ទាំងអស់ដែលខ្លួនបានសហការ។ ជាងនេះ គ្រប់រោងចក្រផ្គត់ផ្គង់ cobalt របស់ Apple សុទ្ធតែបានចូលរួមការធ្វើសវនកម្មកាលពីឆ្នាំ 2020 ។ តំណាងរបស់ Apple មិនបានបញ្ចេញយោបល់ ទាក់ទងនឹងការឡកឡាយរបស់ Elon Musk នោះទេ។
Elon Musk បន្តវាយប្រហារ Apple ជាលើកទីពីរ នៅក្នុងពេលដំណាលគ្នានោះ។ Musk និយាយអំពី «Walled Garden» (សួនដែលត្រូវបានការពារដោយជញ្ជាំង ឬ ជញ្ជាំងសុវត្ថិភាព) របស់ Apple។ (Apple ប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួន ជំនួសឱ្យបច្ចេកវិទ្យាយកមកពីខាងក្រៅ)។
លោក Musk យល់ថា «walled garden» ដែលត្រូវបានដាក់ឈ្មោះដូច្នេះ ក៏ព្រោះតែ Apple គ្រប់គ្រងយ៉ាងម៉ត់ចត់ ចំពោះផ្នែកទន់ទាំងឡាយណាដែលត្រូវដំឡើងនៅលើ iPhone តាមរយៈ App Store របស់ពួកគេ។ បច្ចុប្បន្ន Walled Garden របស់ Apple កំពុងប្រឈមនឹងការត្រួតពិនិត្យ តាមដាន ពីសំណាក់ក្រុមអ្នកតាក់តែងច្បាប់ និងក្រុមហ៊ុនផ្សេងៗ រួមទាំងសវនាការប្រឆាំងនឹងសិទ្ធិផ្ដាច់មុខមួយផងដែរ បន្ទាប់ពី Epic Games បានប្ដឹងជំទាស់នឹងគោលការណ៍ និងការយកថ្លៃរបស់ App Store។
ពេលត្រូវបានសួរអំពីការដែល Tesla អនុញ្ញាតឱ្យគូប្រជែងនានា ប្រើប្រាស់ប្រព័ន្ធបញ្ចូលថាមពលរបស់ពួកគេ លោក Musk និយាយថា៖ «យើងចង់សង្កត់ធ្ងន់ថា គោលដៅរបស់ក្រុមហ៊ុនគឺ គាំទ្រដល់វត្តមានរបស់ថាមពលឋិតថេរ (ថាមពលស្អាត) ពោលគឺមិនបង្កើត Walled Garden និងប្រើប្រាស់វាដើម្បីផាត់ចោលគូប្រជែង ដូចក្រុមហ៊ុនមួយចំនួនកំពុងធ្វើនោះឡើយ»។
ឆ្លើយរួច លោក Elon Musk ក៏គ្រហែម និងបន្តនិយាយថា៖ «Apple»៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា