ស្ថាបនិករបស់ Amazon បន្តក្លាយជាគោលដៅនៃការវាយប្រហាររបស់ក្រុមអ្នកនយោបាយ អាមេរិក បន្ទាប់ពីជើងហោះហើរឡើងទៅកាន់ទីអវកាសដោយជោគជ័យ។
យោងតាមទំព័រ Business Insider តំណាងរាស្ត្រ Elizabeth Warren ថ្មីៗនេះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Twitter អំពីជើងហោះហើររបស់កំពូលមហាសេដ្ឋី Jeff Bezos ដោយយល់ថា ស្ថាបនិក Amazon រូបនេះ បើសិននៅសល់លុយហោះទៅកាន់ទីអវកាស នោះក៏មានលុយគ្រប់គ្រាន់ដើម្បីពន្ធបន្ថែម។
«បុរសជាអ្នកមានជាងគេបំផុតក្នុងពិភពលោក អាចបាញ់បង្ហោះយានដើម្បីនាំខ្លួនឯងឡើងទៅកាន់អវកាស ខណៈដែលជាងពាក់កណ្ដាលនៃប្រជាជនអាមេរិក ត្រូវរស់នៅក្នុងស្ថានភាពលំបាកពីមួយថ្ងៃ ទៅមួយថ្ងៃ។ បច្ចុប្បន្ន មនុស្សជាង 43 លាននាក់ កំពុងជួបការលំបាក ដោយសារបំណុលលើការសិស្ស និងថ្លៃសម្រាប់សុខាភិបាលជាដើម ហើយថែមទាំងមិនមានការងារធ្វើទៀតផង។ ជាក់ស្ដែង គាត់អាចបង់ពន្ធបន្ថែម ដើម្បីឱ្យគ្រប់គ្នាមានឱកាសរស់ក្នុងជីវភាពល្អជាងនេះ» តំណាងរាស្ត្រ Warren សរសេរដូច្នេះ។
របាយការណ៍របស់ ProPublica បានបង្ហាញថា ស្ថាបនិករបស់ Amazon មិនត្រូវបង់ពន្ធលើប្រាក់ចំណូលអ្វីទាំងអស់ ក្នុងអំឡុងពេលយ៉ាងតិច 2 ឆ្នាំ (2006 និង 2018)។ ពួកគេសង្ស័យថា Bezos ថែមទាំងបានគេចវេះមិនបង់ពន្ធជាច្រើនឆ្នាំផ្សេងទៀត ប៉ុន្តែ មិនទាន់ប្រមូលបានទិន្នន័យគ្រប់គ្រាន់។
ទាក់ទងនឹងបញ្ហានេះ របាយការណ៍របស់ Lynnley Browning មកពីក្រុមហ៊ុន Insider ក៏បានបង្ហាញថា Amazon មានសកម្មភាពគេចពន្ធក្នុងឆ្នាំ 2017 និង 2018។
បច្ចុប្បន្ន មហាសេដ្ឋី អាមេរិក លោក Jeff Bezos កំពុងស្ថិតនៅលើកំពូលនៃតារាងចំណាត់ថ្នាក់ស្ដីពីកក្រុមអ្នកមានជាងគេនៅលើពិភពលោក របស់ទស្សនាវដ្ដី Forbes ដោយមានទ្រព្យរហូតដល់ 209.2 ពាន់លានដុល្លារអាមេរិក។ Blue Origin ដែលជាក្រុមហ៊ុនអវកាសរបស់លោក បានទទួលជោគជ័យក្នុងការនាំយកស្ថាបនិករូបនេះ ឡើងទៅកាន់ជាយអវកាស។
បន្ទាប់ពីករណីបាញ់បង្ហោះដោយជោគជ័យកាលពីសប្ដាហ៍មុន របស់ក្រុមហ៊ុន Blue Origin តំណាងរាស្ត្រ Warren បានចំអកនៅលើ Twitter ថា មហាសេដ្ឋី Bezos ភ្លេចអរគុណកម្មករ អាមេរិក ដែលកំពុងបង់ពន្ធជូនរដ្ឋ ខណៈដែលខ្លួនលោក និងក្រុមហ៊ុន Amazon បែរជាគេចពន្ធទៅវិញ៕
ប្រភព៖ BI
ប្រែសម្រួល៖ បុត្រា