ប្រទេសសិង្ហបុរី កំពុងឆ្ពោះទៅរកគោលដៅបន្ធូរបន្ថយវិធានការទប់ស្កាត់វីរុស ក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យពលរដ្ឋដើរទេសចរណ៍ដោយមិនបាច់ធ្វើចត្តាឡីស័កផងដែរ ចាប់ពីខែកញ្ញាតទៅ។
ថ្លែងនៅក្នុងសភា នាថ្ងៃទី 27 កក្កដា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Lawrence Wong បានឱ្យដឹងថា នៅខែកញ្ញា តាមផែនការ សិង្ហបុរី នឹងចាក់វ៉ាក់សាំងរួចរាល់បាន 80% ធៀបនឹងចំនួនប្រជាជនសរុប ដែលនេះនឹងជួយឱ្យសិង្ហបុរី មានមូលដ្ឋានជាក់លាក់ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ការសម្រេចគោលដៅនៃការចាក់វ៉ាក់សាំង នឹងអនុញ្ញាតឱ្យសិង្ហបុរី បើកទ្វារព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរទៅ-មក ជាមួយនឹងបណ្ដាប្រទេស ឬតំបន់ដែលគ្រប់គ្រងវីរុសបានល្អ។
យោងតាមរដ្ឋមន្ត្រី Lawrence Wong នៅពេល សិង្ហបុរី សម្រេចបានគោលដៅក្នុងការចាក់វ៉ាក់សាំង ពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ អាចដើរទេសចរណ៍បាន ដោយមិនបាច់ធ្វើចត្តាឡីស័ក 14 ថ្ងៃ ពេលត្រលប់ចូលប្រទេស។
យោងទៅតាមកម្រិតនៃហានិភ័យរបស់បណ្ដាប្រទេសដែលពលរដ្ឋបានទៅទេសចរណ៍ វិធានការចត្តាឡីស័កអាចត្រូវបានជំនួសដោយយន្តការធ្វើតេស្តម៉ត់ចត់ ឬពេលវេលាដែលត្រូវធ្វើចត្តាឡីស័ក ត្រូវបានកាត់បន្ថយមកនៅត្រឹម 7 ថ្ងៃ និងត្រូវធ្វើនៅក្នុងផ្ទះ ជំនួសឱ្យសណ្ឋាគារដែលត្រូវបានកំណត់។ ពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ក៏មានសិទ្ធិទៅទេសចរណ៍ ប៉ុន្តែ ត្រូវធ្វើចត្តាឡីស័កឱ្យបានពេញលេញ។
សិង្ហបុរី មានផែនការចាក់វ៉ាក់សាំងឱ្យបាន 2/3 នៃចំនួនប្រជាជនសរុប នៅក្នុងថ្ងៃបុណ្យឯករាជ្យ (9 សីហា) ហើយក្រោយមក នឹងកាត់បន្ថយវិធានការទប់ស្កាត់បន្តិចម្ដង៕
ប្រភព៖ Bloomberg News
ប្រែសម្រួល៖ បុត្រា