ជាមួយនឹងល្បឿនអតិបរមា 600 គីឡូម៉ែត្រ ក្នុង 1 ម៉ោង រថភ្លើងដែលប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិក ដែលត្រូវបាន ចិន ឧទ្ទេសនាមកាលពីថ្ងៃទី 21 កក្កដា គឺជាមធ្យោបាយដឹកជញ្ជូនផ្លូវគោក ដែលមានល្បឿនលឿនជាងគេបង្អស់ក្នុងពិភពលោក។
ប្រទេស ចិន កាលពីថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021 បានបង្ហាញរថភ្លើងអណ្ដែតថ្មីសន្លាងមួយគ្រឿង ដែលប្រើកម្លាំងមេដែក (maglev (magnetic levitation train) និងអាចរត់ក្នុងល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ ល្បឿននេះអាចជួយឱ្យគំរូរថភ្លើងដែលអភិវឌ្ឍ និងផលិតដោយប្រទេស ចិន នៅទីក្រុងឆ្នេរសមុទ្រ Qingdao នៃខេត្ត Shandong ក្លាយជាយានដែលមានល្បឿនលឿនជាងគេបំផុតក្នុងពិភពលោក បើធៀបនឹងប្រភេទយានទាំងឡាយដែលធ្វើដំនើរលើដីគោក។
ដោយកម្លាំងដ៏មហិមារបស់ថាមពលនៃ អេឡិចត្រូម៉ាញេទិក (electromagnetic force) រថភ្លើងនេះ អណ្ដែតក្នុងបរិយាកាស ដោយមិនប៉ះពាល់ដល់ផ្លូវដែកដែលនៅខាងក្រោម។ ប្រការនេះមានន័យថា រថភ្លើងអណ្ដែតដោយសារកម្លាំងរបស់ដែនម៉ាញេទិក បង្កើតឡើងដោយអគ្គិសនី «ខ្នាតយក្ស»។
បច្ចេកវិទ្យានេះ ត្រូវបានប្រទេស ចិន ប្រើប្រាស់ជិតពីរទសវត្សរ៍មកហើយ ប៉ុន្តែ ប្រើក្នុងទ្រង់ទ្រាយមានកំណត់។ នៅទីក្រុង សៀងហៃ មានផ្លូវរថភ្លើងប្រភេទ maglev មួយខ្សែ ដែលធ្វើដំណើរពីព្រលានយន្តហោះមួយ ចូលមកកាន់ទីក្រុង។
បច្ចុប្បន្ន បើទោះជាមិនទាន់មានផ្លូវដែកសម្រាប់រថភ្លើងហោះឆ្លងខេត្តនៅប្រទេស ចិន ដែលអាចធ្វើដំណើរក្នុងល្បឿនលឿនដូច្នេះក៏ពិតមែន ប៉ុន្តែ បណ្ដាទីក្រុងដូចជា សៀងហៃ និង ចេងឌូ (Chengdu) បានចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវទៅហើយ។
ដោយមានល្បឿន 600 គីឡូម៉ែត្រក្នុង 1 ម៉ោង គេគ្រាន់តែចំណាយពេលត្រឹមតែ 2.5 ម៉ោងប៉ុណ្ណោះ ដើម្បីធ្វើដំណើរឆ្លងកាត់ចម្ងាយផ្លូវជាង 1,000 គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ។ ចម្ងាយផ្លូវឆ្ងាយបែបនេះ បច្ចុប្បន្ន បើជិតរថភ្លើងល្បឿនលឿន គេត្រូវចំណាយពេលអស់ 5.5 ម៉ោង ហើយបើជិតយន្តហោះវិញ ក៏ស៊ីពេលអស់ 3 ម៉ោងឯណោះ៕
ប្រភព៖ Next Media
ប្រែសម្រួល៖ បុត្រា