Dalton Ng និង Joella Lum បច្ចុប្បន្ន រស់នៅជាមួយគ្នាក្នុងខុនដូមួយដ៏សុខសាន្ត ដោយសារពួកគេសុទ្ធតែជាសេដ្ឋីដែលរកស៊ីមានបានពីបាត់ដៃទទេ ហើយបច្ចុប្បន្ន ពួកគេម្នាក់ៗ មានទ្រព្យចាប់ពី 2 ដល់ 3 លានដុល្លារអាមេរិក។
សេដ្ឋី Dalton Ng (វ័យ 20 ឆ្នាំ) និងសេដ្ឋិនី Joella Lum (វ័យ 19 ឆ្នាំ) ពុំមែនជាគូស្នេហ៍ដែលស្រលាញ់គ្នាធម្មតានោះទេ។ Joella បានឱ្យដឹងថា អ្នកទាំងពីរសុទ្ធតែជាមនុស្សដែលចូលចិត្តភាពឯករាជ្យ និងមាន «ឈាម» ជាអ្នកជំនួញតាំងតែពីក្មេង។ «អ្នកដឹងថា មានក្មេងៗដែលរៀននៅបឋមសិក្សា ទិញប្រដាប់លុប 1 កញ្ចប់ ហើយលក់រាយទៅវិញដើម្បីរកប្រាក់ចំណេញដែរទេ? ពួកយើងគឺជាមនុស្សប្រភេទនោះ»។
គ្រាដែលមនុស្សជាច្រើនក្នុងវ័យប្រហាក់ប្រហែលនឹង Dalton Ng និង Joella Lum សុទ្ធតែកំពុងធ្វើការរកប្រាក់ទៅតាមម៉ោង Dalton Ng និង Joella Lum បែរជារកបានប្រាក់ពី 70,000 ដល់ 150,000 ក្នុងមួយខែៗ ពីសកម្មភាពជំនួញមួយចំនួន និងការវិនិយោគផ្សេង។
ចំពោះ Joella Lum វិញ នាងកំពុងគ្រប់គ្រងហាងមួយចំនួននៅលើផ្សារអនឡាញ Shopify។ នាងក៏ទទួលបន្ទុកក្នុងការវិនិយោគលើមូលបត្រ និងរូបិយវត្ថុឌីជីថល របស់អ្នកទាំងពីរផងដែរ។
ដោយសារតែការប្រឹងប្រែង និងព្យាយាម ពេលដែល Joella ទើបតែមានវ័យ 18 ឆ្នាំ ហើយ Dalton វ័យ 19 ឆ្នាំ ពួកគេក៏មានលទ្ធភាពចេញរស់នៅខាងក្រៅ និងមានប្រាក់សល់សម្រាប់ទិញផ្ទះ ក៏ដូចជាមធ្យោបាយធ្វើដំណើរមួយចំនួន បម្រើដល់កិច្ចការជំនួញ។
ខាងក្រោមនេះគឺជាការណែនាំមួយចំនួនរបស់ Dalton Ng និង Joella Lum ជូនចំពោះយុវជន យុវនារី ដែលទើបតែពេញវ័យ និងចង់ក្លាយជាអ្នកមាន៖
1-ឆាប់ចាប់ផ្ដើម
Dalton Ng និង Joella Lum មិនមែនក្លាយជាអ្នកមានក្រោយរយៈពេលតែមួយយប់នៅទេ ប៉ុន្តែ ពួកគេបានចាប់ផ្ដើមមុខជំនួញតាំងតែពីនៅរៀនវិទ្យាល័យ រួមផ្សំនឹងទម្លាប់សន្សំសំច័យ និងការវិនិយោគបន្ថែមដើម្បីទទួលបានប្រាក់ចំណូលខ្ពស់។
Joella ចាប់ផ្ដើមធ្វើជំនួញដោយការលក់សម្លៀកបំពាក់ដែលបានទិញពីហាង H&M និង Cotton On នៅលើគេហទំព័រ Carousell និងរកបានប្រាក់រាប់ពាន់ដុល្លារតាំងតែពីនៅរៀនវិទ្យាល័យ។ ចំណែក Dalton វិញ បានធ្វើជាអ្នកសរសេរកូដ ក៏ដូចជាអភិវឌ្ឍកម្មវិធី (App) តាំងពីនៅរៀនអនុវិទ្យាល័យ ហើយរកបានប្រហែល 10,000 ដុល្លារពីគម្រោងនីមួយ។
2-ចាយវាយដោយការទទួលខុសត្រូវ
ការចាយវាយសម្រាប់ជីវិតលំដាប់ខ្ពស់ គឺជា ការទាក់ទាញចំពោះមនុស្សគ្រប់រូបដែលរកបានប្រាក់ច្រើនដូចជា Dalton និង Joella។ ប៉ុន្តែ គូស្នេហ៍នេះ ឆាប់ចាប់ផ្ដើមចេះចាយវាយដោយមានការទទួលខុសត្រូវ និងតែងគោរពទៅតាមគោលការណ៍ «ចាយកម្រិតណា វិនិយោគកម្រិតនោះ។
3-ស្រាវជ្រាវទីផ្សារឱ្យបានច្បាស់លាស់ និងមិនវិនិយោគច្រើនជាងប្រាក់ដែលអ្នកអាចបាត់បង់
បច្ចុប្បន្ន មានយុវវ័យជាច្រើន បានលោតទៅវិនិយោគភ្លាមៗ បន្ទាប់ពីបានមើលវីដេអូមួយចំនួននៅលើ Youtube ពិសេសគឺទាក់ទងនឹងផ្សារមូលបត្រ។ ប៉ុន្តែ Dalton និង Joella សង្កត់ធ្ងន់ថា ប្រការនេះនាំឱ្យយើងប្រឈមនឹងហានិភ័យខ្ពស់។ ផ្ទុយទៅវិញ អ្នកត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់ មុននឹងធ្វើការវិនិយោគ។
Dalton និយាយថា៖ «អ្នកមិនគួរវិនិយោគទៅលើអ្វីដែលខ្លួនមិនយល់ច្បាស់ សូម្បីតែរូបិយវត្ថុឌីជីថល។ មុនពេលទិញរូបិយវត្ថុឌីជីថល ខ្ញុំបានស្វែងយល់អំពីវា តាំងពីនៅរៀនអនុវិទ្យាល័យ»៕
ប្រភព៖ Asia One
ប្រែសម្រួល៖ បុត្រា