សេដ្ឋកិច្ចនៅទូទាំងសកលលោកសម្រាប់ត្រីមាសទីបី នឹងមានកំណើនខ្ពស់បំផុតនៅក្នុងឆ្នាំ 2021 ប៉ុន្តែ វីរុសបំប្លែងខ្លួន Delta របស់ COVID-19 ត្រូវបានគេចាត់ទុកជាហានិភ័យគួរឱ្យបារម្ភ។
តំបន់សេដ្ឋកិច្ចនានានៃពិភពលោក ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ក្នុងប៉ុន្មានខែខាងមុខ ដែលនេះជួយឱ្យបណ្ដាប្រទេស តាមជិតទាន់ សហរដ្ឋអាមេរិក និងចិន។ នេះបើតាម ការសិក្សាស្រាវជ្រាវមួយចំនួន ទៅលើ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (Purchasing Managers Index / PMI)។
ទិន្នន័យដែលត្រូវបាន IHS Markit ប្រកាសកាលពីថ្ងៃទី 23 កក្កដា បានបង្ហាញថា សហរដ្ឋអាមេរិក ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងត្រីមាសទីពីរ នឹងថយចុះបន្តិចក្នុងត្រីមាសទីបី ដោយសារតែប្រភពផ្គត់ផ្គង់បន្តមានកំណត់ កង្វះពលករ និងការរីករាលដាលនៃវ៉ារ្យ៉ង Delta របស់ COVID-19។
PMI សរុបរបស់ សហរដ្ឋអាមេរិក បានថយចុះមកនៅត្រឹម 59.7 ពិន្ទុ ក្នុងខែកក្កដា ទាបជាងបន្តិចធៀបនឹង 63.7 ពិន្ទុ ក្នុងខែមិថុនា។ អត្រាលើ 50 ពិន្ទុ បញ្ជាក់ថា សកម្មភាពផលិត នៅតែបន្តកើនឡើង។
ផ្ទុយមកវិញ PMI នៃតំបន់ដែលប្រើប្រាស់រូបិយវត្ថុ Euro បានកើនឡើងដល់ 60.6 ពិន្ទុ ក្នុងខែនេះ ខ្ពស់ជាង បើធៀបនឹងពិន្ទុ 59.5 ក្នុងខែមិថុនា។ សញ្ញានេះបង្ហាញថា សេដ្ឋកិច្ចអឺរ៉ុប កំពុងតែងើបឡើងយ៉ាងឆាប់រហ័ស។
ខណៈដែលក្រុមសេដ្ឋវិទូ ព្យាករថា កំណើនសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក បានឡើងដល់ចំណុចកំពូលកាលពីត្រីមាសកន្លង កំណើនរបស់ពិភពលោក ក៏ត្រូវគេព្យាករថា នឹងឡើងដល់ចំណុចខ្ពស់បំផុតក្នុងត្រីមាសបច្ចុប្បន្ន។ JPMorgan ព្យាករថា GDP របស់ អាមេរិក និង ចិន នឹងបន្ថយល្បឿនក្នុងត្រីមាសទីបី ប៉ុន្តែ ជំនួសមកវិញ កំណើនសេដ្ឋកិច្ចរបស់ អឺរ៉ុប អាចមានល្បឿនលឿនជាងកំណើនសេដ្ឋកិច្ចរបស់ អាមេរិក កាលពីត្រីមាសទីពីរទៅទៀត។ បូករួមជាមួយនឹងការងើបឡើងវិញយ៉ាងឆាប់របស់ ប្រទេស ឥណ្ឌា កំណើនសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល អាចឡើងដល់កំពូលបំផុតក្នុងឆ្នាំ 2021 នៅត្រីមាសទីបី។
យ៉ាងនេះក្ដី វីរុសបំប្លែងខ្លួនប្រភេទ Delta របស់ COVID-19 នៅតេជាឧបសគ្គធំសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ «Delta អាចរារាំងការងើបឡើងវិញរបស់វិស័យមួយចំនួន ពិសេសគឺ ទេសចរណ៍ និងសណ្ឋាគារ» នេះបើតាម Christine Lagarde ប្រធានធនាគារកណ្ដាលអឺរ៉ុប។
Chris Williamson ប្រធានក្រុមអ្នកសេដ្ឋកិច្ចប្រចាំ IHS Markit ក៏បានទទួលស្គាល់ថា Delta បង្កហានិភ័យធំធេងដល់ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច សហរដ្ឋអាមេរិក៕
ប្រភព៖ WSJ
ប្រែសម្រួល៖ បុត្រា