រដ្ឋាភិបាល សហរដ្ឋអាមេរិក នឹងធ្លាក់ទៅក្នុងស្ថានភាពក្ស័យធន នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 2021 ហើយបង្ខំឱ្យក្រសួងហិរញ្ញវត្ថុប្រទេសនេះ ដាក់ចេញនូវ «វិធានការពិសេសនានា» រហូតដល់សភាដំឡើងពិដាននៃសូចនាករបំណុលសាធារណៈ។
ខាងលើនេះគឺជាការព្រមានរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលបានលើកឡើងកាលពីថ្ងៃទី 23 កក្កដា នៅក្នុងលិខិតផ្ញើទៅកាន់ក្រុមតំណាងរាស្ត្រ សហរដ្ឋអាមេរិក។
ក្នុងលិខិតនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានលើកឡើងច្បាស់ថា៖ «បើសិនជាសភា មិនផ្អាក ឬដំឡើងពិដាននៃសូចនាករបំណុលសាធារណៈ ឱ្យបានមុនថ្ងៃទី 2 ខែសីហា នោះក្រសួងហិរញ្ញវត្ថុនឹងត្រូវអនុវត្តវិធានការបន្ថែមពិសេស ដើម្បីទប់ស្កាត់មិនឱ្យ សហរដ្ឋអាមេរិក ធ្លាក់ទៅក្នុងស្ថានភាពក្ស័យធន»។
លោកស្រី Yellen បញ្ជាក់ថា ការដំឡើងពិដាននៃសូចនាករបំណុលសាធារណៈ មិនធ្វើឱ្យការចំណាយរបស់រដ្ឋាភិបាលឡើងខ្ពស់នោះទេ ប៉ុន្តែ នឹងអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុ ផ្ដល់ការគាំទ្រដល់សកម្មភាពនានាដែលត្រូវបានសភាអនុម័ត។
យោងតាមរដ្ឋមន្ត្រីខាងលើ បើសិនជា សហរដ្ឋអាមេរិក មិនធានាបាននូវកាតព្វកិច្ចក្នុងការទូទាត់បំណុល នោះ អាមេរិក នឹងធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុ ដែលគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ។ ក្រសួងនឹងផ្អាកលក់មូលបត្របំណុលរដ្ឋាភិបាល នៅថ្ងៃទី 30 កក្កដា ហើយក៏នឹងមិនភ្ជាប់សកម្មភាពនេះឡើងវិញនោះដែរ រហូតដល់សភាដំឡើងពិដាននៃសូចនាករបំណុលសាធារណៈ។
បំណុលសាធារណៈរបស់ សហរដ្ឋអាមេរិក កើនឡើងនៅក្នុងសម័យ COVID-19 បន្ទាប់ពីសេតវិមាន បានអនុម័តលើគម្រោងចំណាយធំៗចំនួន 3 ដើម្បីកាត់បន្ថយការខូចខាតនានា ដែលកើតឡើងដោយសារវិបត្តិសុខភាព។
យោងតាមការិយាល័យថវិកាសភា របស់ សហរដ្ឋអាមេរិក (Congressional Budget Office) គិតត្រឹមចុងខែមិថុនា បំណុលសាធារណៈរបស់ប្រទេសនេះ បានឡើងដល់ 28,500,000,000,000 ដុល្លារ (28.5 លានលាន ឬ 28.5 ទ្រីលាន ដុល្លារ) និង ឱនភាពថវិកាជាតិ ឆ្នាំនេះ ត្រូវបានព្យាករថា នឹងឡើងដល់ 3,000,000,000,000 ដុល្លារ (3 លានលាន ឬ 3 ទ្រីលាន ដុល្លារ) ខ្ពស់ជាងគេលំដាប់ទីពីរ បន្ទាប់ពី ឱនភាពថវិកា ឆ្នាំ 2020។
ការដំឡើងពិតាននៃសូចនាករបំណុលសាធារណៈ ធ្លាប់ជាបញ្ហាដែលបង្កឱ្យមានភាពចម្រូងចម្រាសនៅសភា អាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយភាពទាល់ច្រកនៃបញ្ហានេះក្នុងឆ្នាំ 2011 ក៏បានធ្វើឱ្យរដ្ឋាភិបាល ត្រូវគេទម្លាក់ចំណាត់ថ្នាក់ទំនុកចិត្តផងដែរ៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា