Skip to content

ការទទួល​ខោអាវ​រោងចក្រ​មក​កាត់​ព្រុយ​ក៏​អា​ចរក​ចំណូល​ចិញ្ចឹម​គ្រួសារ​បានដែរ

ភ្នំពេញ៖ រោងចក្រ​សហគ្រាស​នៅតាម​មូលដ្ឋាន​មិន​ត្រឹមតែ​ជួយ​បង្កើន​ការងារ និង​ប្រាក់ចំណូល​ដល់ក​ម្មករ​នោះទេ ប៉ុន្តែ​ថែមទាំង​ជួយ​កាត់បន្ថយ​នូវ​ការធ្វើ​ចំណាកស្រុក និង​ផ្តល់​ការងារ​ដល់​ស្ត្រី​មេផ្ទះ និង​មនុស្ស​ចាស់​មួយចំនួន​ឱ្យ​អាច​រកចំណូលបាន​គួរសម​ទៀតផង។

ក្រៅ​អំពី​ការងារ​ដាំ​ស្ល​មើលថែ​កូនចៅ​នៅផ្ទះ​ហើយ​នោះ ស្ត្រី​មេផ្ទះ និងចាស់ៗនៅក្នុង​ភូមិ​ព្រែក​សំរោង ភូមិ​ព្រែក​ខ្សេវ ភូមិ​ព្រែ​កឡុង និង​ភូមិ​ព្រែក​ថី​ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​នៅមាន​របរ​បន្ទាប់បន្សំ​មួយទៀត គឺ​ស៊ីឈ្នួល​កាត់​ព្រុយ​ខោអាវថ្មីៗពី​រោងចក្រ​ដែល​ក្នុង​មួយខែ​អាច​ទទួលបាន​កម្រៃ​បន្ថែម​ប្រមាណ100 ទៅ150ដុល្លារ​ផងដែរ​ក្នុង​មួយខែ។

អ្នកស្រី នួន សុខ​នាង នៅ​ភូមិ​ព្រែក​ខ្សេវ​បាន​ប្រាប់​ឱ្យដឹងថា អ្នកស្រី​មាន​របរ​លក់​នំគ្រក់ ហើយ​ក្រៅពី​ការងារ​លក់ដូរ និង​ដាំ​ស្ល​រហើយ អ្នកស្រី​នៅមាន​របរ​មួយ​ផ្សេងទៀត គឺ​ទទួល​ខោអាវ​ទើប​ដេរ​ហើយថ្មីៗពី​រោងចក្រ​យកមក​កាត់​ព្រុយ​នៅឯ​ផ្ទះ ដែលមួយខែៗអា​ចរក​ចំណូល​បន្ថែម​បាន​ប្រមាណ​ជាង100ដុល្លារ ហើយ​ខាង​រោងចក្រ​គេ​ដឹកយក​មកឱ្យ​ដល់ផ្ទះ​ទៀតផង។ លុះ​ធ្វើ​រួចរាល់​ហើយ គ្រាន់តែ​ទូរស័ព្ទ​ប្រាប់​គេ ខាង​រោងចក្រ​នឹង​មក​ដឹកយក​ទៅវិញ និង​យក​ថ្មី​ទៀត​មកឱ្យ​ធ្វើ​បន្ត។ ការងារ​នេះ​មិន​លំបាក​ណាស់ណា​ទេ និង​ថែមទាំង​អាចជួយ​បន្ថែម​ចំណូល​ឱ្យមាន​ជីវភាព​កាន់តែ​ប្រសើរឡើង​ទៀតផង។

ចំណែក​លោកយាយ មុំ សុខ អាយុ75ឆ្នាំ រស់នៅ​ភូមិ​ព្រែ​កឡុង ក៏បាន​មានប្រសាសន៍​ដែរ​ថា សព្វថ្ងៃ​បានការ​ងារ​កាត់​ព្រុយ​ខោអាវ​រោងចក្រ​នេះហើយ​ដែល​ជួយ​ឱ្យ​គាត់​រក​កម្រៃ​បាន​សម្រាប់​ធ្វើបុណ្យ​ដាក់​ទាន​ទៅ​វត្តវ៉ា ហើយក៏​មិន​ហត់នឿយ​ដែរ ព្រោះ​ចាំតែ​អង្គុយ​កាត់​នៅផ្ទះ​ប៉ុណ្ណោះ។ គេ​ដឹក​យកមក​ឱ្យដល់​កន្លែង ហើយ​ដល់​ខែ​គេ​យកលុយ​មក​ទូទាត់​ឱ្យដល់​ផ្ទះ​ទៀត​ដែល​ធ្វើឱ្យ​គាត់​អាចជួយ​មើលថែទាំ​ចៅ និង​ចាំផ្ទះ​បាន​ទៀតផង សរុបទៅ​គឺ​បាន​របរ​នេះហើយ​ដែល​ផ្តល់នូវ​ចំណូល​ប្រចាំខែ​មិនចាំបាច់​សុំ ឬ​ចាំ​កូន​ឱ្យប្រាក់​ចាយ​នោះ។

មេការ​ម្នា​ក់នៅ​រោងចក្រ​យ៉ុង​វ៉ា នៅក្នុង​ឃុំ​រកា​ខ្ពស់​ក្នុងចំណោម​រោងចក្រ​ចំនួន​ទាំង10 អ្នកនាង ម៉ែន ស្រី​ទូច ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ដោយសារ​នៅក្នុង​រោងចក្រ​មានការ​ខ្វះខាត​ក​ម្មករ ទើប​យើង​បាន​ដឹក​សម្លៀកបំពាក់​ដេរ​រួច​យកទៅឱ្យ​បងប្អូន​ជួយ​កាត់​ព្រុយ​នៅតាម​ផ្ទះ ដើម្បី​ជួយ​បង្កើន​ចង្វាក់​ការងារ​ក្នុង​រោងចក្រ​ឱ្យបាន​ទាន់ពេលវេលា។

លោក សុខ ប៊ុនថន ជំទប់​ទី1ឃុំ​រកា​ខ្ព​ស់បាន​មានប្រសាសន៍ថា នៅ​ទូទាំង​ឃុំ​មាន​ភូមិ​ចំនួន7 មាន​ប្រជាពលរដ្ឋ​ចំនួន 2,895គ្រួសារ និង​មាន​ចំនួន​មនុស្ស​សរុប13,149 នាក់ ហើយ​មាន​រោងចក្រ​កាត់ដេរ​ចំនួន10 មាន​កម្មករ​កម្មការិនី​ចំនួន2,410នាក់ ហើយ​ភូមិ​ដែល​ប្រជាពលរដ្ឋ​ទទួលយក​សម្លៀកបំពាក់​ពី​រោងចក្រ​ទៅ​កាត់​ព្រុយ​នោះ​មាន​ចំនួន4ភូមិ រួមមាន​ភូមិ ព្រែ​កឡុង ភូមិ​ព្រែក​សំរោង ភូមិ​ព្រែក​ខ្សេវ និង​ភូមិ​ព្រែក​ថី។ ការងារ​នេះ​វា​មិន​ត្រឹមតែ​ផ្តល់​នូ វ​ចំណូល​ដល់​បងប្អូន​ដែលជា​ស្ត្រី​មេផ្ទះ​នោះទេ វា​ថែមទាំង​ជួយ​កាត់បន្ថយ​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ទៀតផង ព្រោះ​ពួកគាត់​មានការ​ងារ​ធ្វើ ដូច្នេះ​គ្មាន​ពេលទំនេរ​ទៅលេង​ល្បែងស៊ីសង​នោះឡើយ។ ចុងក្រោយ​លោក​ក៏​សូម​អំពាវនាវ​ទៅដល់​បងប្អូន​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​នោះ គួរតែ​គិតគូរ​ឡើងវិញ ព្រោះ​ក្នុងភូមិ​ឃុំ​របស់​យើង​ក៏​អាច​រកប្រាក់​ចំណូល​បានដែរ និង​ដែល​សំខាន់​គឺ​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *