កំពូលតារាសំដែងជនជាតិអាមេរិកាំង នាង Angelina Jolie នាំកូនៗទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីលម្ហែកាយ បន្ទាប់ពីត្រូវនៅផ្ទះជាងមួយឆ្នាំ ដោយសារខ្លាច COVID-19 និងដោះស្រាយបញ្ហានៅតុលាការ ទាក់ទិននឹងសិទ្ធិចិញ្ចឹមកូនៗ ជាមួយនឹង Brad Pitt។
យោងតាម Daily Mail កាលពីថ្ងៃទី 22 កក្កដា Jolie បាននាំកូនៗ រួមមាន Pax Thien, Zahara, Shiloh និង Knox ដើរកំសាន្ត និងទិញទំនិញ។ កូនប្រុសច្បង Maddox និងកូនស្រីពៅ Vivienne មិនបានបង្ហាញខ្លួនជាមួយម្ដាយនោះទេ។ ពួកគេទាំង 5 នាក់ ស្លៀកពាក់យ៉ាងសាមញ្ញ និងពាក់ម៉ាស់ផងដែរ។ ពួកគេក៏បានចូលភោជនីយដ្ឋានមួយនៅក្បែរតួ Eiffel ដើម្បីទទួលទានអាហារ។
ក្នុងខែមិថុនា កំពូលតារាសំដែងរូបនេះ បាននាំកូនៗទៅកាន់ទីក្រុងនីវយ៉ក លេងប្រហែលមួយសប្ដាហ៍ ក្នុងឱកាសខួបអាយុ 46 ឆ្នាំ។ នៅទីនេះ នាងក៏បានទៅសួរសុខទុក្ខអតីតស្វាមី Jonny Lee Miller ផងដែរ។ មុននោះ Angelina Jolie កម្រនឹងចេញទៅបរទេសណាស់ ក្នុងអំឡុងពេញមួយឆ្នាំ។ ភាគច្រើន នាងនៅ California ដើម្បីមើលថែកូនៗ ថតកុន និងចូលរួមសវនាការដណ្ដើមសិទ្ធិចិញ្ចឹមកូនជាមួយនឹង Brad Pitt។
កាលពីចុងខែឧសភា តុលាការបានអនុញ្ញាតឱ្យ Brad Pitt មានសិទ្ធិចិញ្ចឹមកូន ស្មើនឹង Angelina Jolie។ នាងមិនសុខចិត្ត ដោយយល់ថា ចៅក្រមបានរំលោភលើច្បាប់របស់រដ្ឋ California ព្រោះថា Brad Pitt ធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារ ផ្ទុយពីផលប្រយោជន៍របស់ក្មេង។ នាងនឹងបន្តធ្វើការតវ៉ា ដើម្បីទាមទារសិទ្ធិចិញ្ចឹមកូនទាំងស្រុងឡើងវិញ។
Brad Pitt និង Angelina Jolie បានស្គាល់គ្នា នៅពេលថតកុន រឿង Mr. & Mrs. Smith (2005)។ ក្រោយមក Pitt បានលែងលះជាមួយភរិយាឈ្មោះ Jennifer Aniston ដើម្បីមករក Jolie។ អ្នកទាំងពីរក៏បានរៀបការកាលពីឆ្នាំ 2014 និងមានកូនជាមួយគ្នាចំនួន 6 នាក់។ ឆ្នាំ 2016 Jolie បានប្ដឹងលែងលះ ដោយមូលហេតុថា មានការយល់ឃើញខុសគ្នាជាច្រើនចំនុច ដែលមិនអាចផ្សះផ្សានឹងគ្នាបាន៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ បុត្រា