យោងតាមសារព័ត៌មាន Bloomberg សហរដ្ឋអាមេរិក និងចិន កំពុងដោះដូរទំនិញក្នុងល្បឿនលឿនបំផុត ធៀបនឹងប៉ុន្មានឆ្នាំកន្លងមកនេះ ហើយប្រៀបដូចជាពុំធ្លាប់មានសង្គ្រាមពាណិជ្ជកម្ម ឬវីរុស COVID-19 ដូច្នោះដែរ។
រយៈពេល 18 ខែ បន្ទាប់ពីអាជ្ញាធររបស់លោក Trump បានចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម កង្វះផ្នែកពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិក នៅតែមិនទាន់បានកាត់បន្ថយ ក្នុងនោះ ការយកពន្ធនានា នៅតែត្រូវបានអនុវត្ត ហើយក៏មិនទាន់មានកិច្ចចរចាណាមួយស្ដីពីបញ្ហាសេដ្ឋកិច្ចផ្សេងៗនៅឡើយ។ ប៉ុន្តែ ពាណិជ្ជកម្មទ្វេភាគី គឺជាវិស័យដែលមានស្ថិរភាព នៅក្នុងស្ថានការណ៍ដែលទំនាក់ទំនងរបស់ប្រទេសទាំង 2 បន្តអាក្រក់ឡើងៗ ទាក់ទិននឹងបញ្ហាប្រភពរបស់វីរុស COVID-19 បញ្ហាហុងកុង និង តៃវ៉ាន់ ។ល។
កាលពីខែកុម្ភ ឆ្នាំ 2020 ចំណូលបានមកពីវិស័យពាណិជ្ជកម្ម រវាង អាមេរិក-ចិន បានថយចុះ 19 ពាន់លានដុល្លារ ដោយសារតែចិនបានបិទរោងចក្រជាច្រើន ព្រោះតែរោគរាតត្បាត។ ប៉ុន្តែ យោងតាមទិន្នន័យផ្លូវការរបស់ចិន តួលេខនេះបានងើបឡើងដល់កំណត់ត្រាថ្មីក្នុងឆ្នាំ 2020។ ការងើបឡើងនេះ ទំនងជានឹងនៅតែបន្ត គ្រាដែលចិន ទិញកសិផលរាប់លានតោនពី សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ទន្ទឹមនឹងការដែលពលរដ្ឋអាមេរិកដែលនៅជាប់ក្នុងផ្ទះ នៅតែបន្តទិញទំនិញយ៉ាងច្រើនមិនធ្លាប់មានពីមុនមក។
សកម្មភាពពាណិជ្ជកម្មមមាញឹកឡើងវិញ បើទោះជាមានការព្យាករទាក់ទងនឹងបញ្ហាពន្ធដា ក្នុងនោះ តម្លៃខ្ទង់សែនលានដុល្លារនៃទំនិញរបស់ចិន នឹងត្រូវចែករំលែកដល់បណ្ដាខ្សែច្រវាក់ផ្គត់ផ្គង់។ ប៉ុន្តែ ភាគីទាំងពីរ បានរៀនរស់ជាមួយនឹងប្រភេទពន្ធផ្សេង។ បណ្ដាក្រុមហ៊ុនចិន បញ្ជាទិញទំនិញច្រើនជាងមុន ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្ម ឆ្នាំ 2020។ ចំណែក សហរដ្ឋអាមេរិក វិញ ទិញទំនិញទាំងឡាយណាដែលខ្លួនមិនអាចទិញពីកន្លែងផ្សេង ដើម្បីផ្គត់ផ្គង់តម្រូវការរបស់គ្រួសារនានា ដោយប្រើប្រាស់កញ្ចប់ជំនួយសេដ្ឋកិច្ចរាប់លានលានដុល្លាររបស់រដ្ឋាភិបាល។
«យើងឃើញថា តម្រូវការប្រើប្រាស់យ៉ាងខ្លាំងក្លា កំពុងតែកើតមានឡើងនៅក្នុងរដូវ COVID-19 ហើយផលិតផលនាំចូល ក៏កំពុងកើនឡើងខ្ពស់។ នោះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចនៅតែបន្តងើបឡើង» លោក Jonathan Gold អនុប្រធានផ្នែកផ្គត់ផ្គង់ និងគោលនយោបាយពន្ធដា នៃក្រុមហ៊ុន National Retail Federation ឱ្យដឹងដូច្នេះ។
ក្នុងដំណាក់កាលដូចគ្នា ទំនិញដែលនាំចូលពីកូរ៉េខាងត្បូង និងតៃវ៉ាន់ ទៅកាន់ សហរដ្ឋអាមេរិក ក៏បានកើនឡើងខ្ពស់ផងដែរ។ ប៉ុន្តែ ជិតពាក់កណ្ដាលក្នុងចំណោមទំនិញតម្លៃ 259 ពាន់លានដុល្លារ ដែលចេញចូលតាមកំពង់ផែ Los Angeles (កំពង់ផែធំបំផុតរបស់អាមេរិក) មានជាប់ទាក់ទងនឹងប្រទេសចិន និង ហុងកុង។
Jonathan Gold និយាយថា «ពន្ធដា និងថ្លៃដឹកជញ្ជូនកើនឡើង សុទ្ធតែប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុននានា។ រដ្ឋាភិបាលរបស់លោក Biden បច្ចុប្បន្នមិនទាន់ឱ្យដឹងថា តើនឹងអនុវត្តកិច្ចព្រមព្រៀងបន្តទៀត ឬយ៉ាងណានៅឡើយ ប៉ុន្តែ កំពុងតែពិចារណាអំពីគោលនយោបាយរបស់ សហរដ្ឋអាមេរិក ចំពោះ ចិន ទាក់ទងនឹងបញ្ហាពាណិជ្ជកម្មនេះ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា