ម៉ោង 18 ព្រលប់ នៃ ថ្ងៃទី 23 កក្កដា ឆ្នាំ 2021 (ម៉ោងនៅកម្ពុជា) ពិធីបើកការប្រកួតកីឡា Olympic Tokyo 2020 នឹងត្រូវធ្វើឡើងជាផ្លូវការនៅកីឡដ្ឋានជាតិតូខ្យូ ដែលស្ថិតក្នុងរាជធានីតូខ្យូ នៃប្រទេស ជប៉ុន។
ក្រោយរយៈពេលជាច្រើនថ្ងៃដែលបានរង់ចាំ ចុងក្រោយ Olympic Tokyo 2020 ក៏នឹងត្រូវបើកជាផ្លូវការនៅម៉ោង 18 នៃថ្ងៃទី 23 ខែកក្កដា ម៉ោងនៅភ្នំពេញ។ មុនពេលពិធីបើកការប្រកួតជាផ្លូវការនេះ កីឡាចំនួន 4 ប្រភេទ ត្រូវបានបើកការប្រកួត ក្នុងនោះមាន កីឡាបាល់ទាត់ បាល់ទន់ (Softball) បាញ់ធ្នូ និង ចែវទូក (rowing)។
ដំបូងឡើយ Olympic Tokyo 2020 គ្រោងបើកនៅក្នុងឆ្នាំ 2020 ប៉ុន្តែ ត្រូវពន្យារពេល 1 ឆ្នាំ ដោយសារ COVID-19។ បច្ចុប្បន្ន រោគរាតត្បាតនេះ ក៏កំពុងតែបង្កភាពស្មុគស្មាញនៅប្រទេស ជប៉ុន ប៉ុន្តែ គណៈកម្មការ Olympic Tokyo 2020 នៅតែសម្រេចឱ្យប្រារព្ធព្រឹត្តិការណ៍អូឡាំពិកលើកទី 32 នេះ ក្នុងលក្ខខណ្ឌទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងតឹងរ៉ឹង។
ព្រោះតែ COVID-19 កម្មវិធីមួយចំនួននៃគម្រោងបើកព្រឹត្តិការណ៍កីឡា Olympic Tokyo 2020 ក៏ត្រូវបានកាត់ចោល ធៀបនឹងគម្រោងដំបូង។ ប៉ុន្តែ ការហែក្បួនរបស់ក្រុមកីឡាករនានា និងការអុជភ្លើងគប់ នៅតែត្រូវធ្វើឡើងដូចធម្មតា។
តាមផែនការ មហាក្សត្រជប៉ុន Naruhito នឹងជាអ្នកប្រកាសបើកព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Tokyo 2020) លើកនេះ។ ពិធីបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំនេះ នឹងមានវត្តមានរបស់មេដឹកនាំប្រទេស និងដែនដីចំនួន 15 ក្នុងនោះក៏មានប្រធានាធិបតីបារាំង Emmanuel Macron និងភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លោកស្រី Jill Biden ។ល។
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា