ភ្នំពេញ – ទោះជាបច្ចុប្បន្នវិស័យសំណង់នៅកម្ពុជាកំពុងតែរីកចម្រើន និងបោះជំហានទៅមុខយ៉ាងលឿនក៏ដោយ ក៏នៅមានអ្នកជំនាញមួយចំនួនលើកឡើងដែរថា វិស័យមួយនេះនៅមានចំណុចខ្វះខាតខ្លះ និងទាមទារឱ្យមានការសិក្សាស្វែងយល់ដើម្បីបង្កើនពុទ្ធិ និងពង្រឹងសមត្ថភាពបន្ថែមទៀត។
ថ្លែងនៅក្នុងកម្មវិធីសន្និសីទស្ដីពីការតាំងពិព័រណ៍វិស័យសំណង់ Cambuild2017 ឯកឧត្ដមភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា បច្ចុប្បន្នវិស័យសំណង់មានការរីកដុះដាលគ្រប់កន្លែងដែលនាំមកនូវការងារសម្រាប់ប្រជាជនកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ឯកឧត្ដមបញ្ជាក់ថា៖«ដូច្នេះយើងចង់ពង្រឹងសមត្ថភាពទៅដល់ស្ថាបត្យករ វិស្វករដែលធ្វើការបម្រើខាងវិស័យនេះឱ្យយល់ដឹងអំពីវឌ្ឍនភាពខាងវិស័យនេះ។ ក្នុងន័យនេះមិនមែនមានន័យថា កម្ពុជាដើរមិនទាន់ប្រទេសគេនោះទេ យើងដើរទាន់គេដែរ ប៉ុន្ដែយើងចង់រក្សាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍន៍តម្លៃស្ថាបត្យកម្មខ្មែរ និងរក្សាឱ្យបានផលប្រយោជន៍គ្រប់ជ្រុងជ្រោយដើម្បីឱ្យយើងអភិវឌ្ឍទៅឆ្ពោះទៅរកការរីកចម្រើន»។
គួរបញ្ជាក់ថា សំណង់ជាវិស័យអាទិភាពទី3ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរក្សាកំណើនបាន7%និងតាមរយៈវិស័យមួយនេះយើងអាចផ្ដល់ការងារដល់ប្រជាជនទូទាំងប្រទេសក្នុងរង្វង់20ម៉ឺននាក់។
ឯកឧត្ដមភឿង សោភ័ណ្ឌ បន្ដថា មូលហេតុនេះហើយដែលនាំឱ្យយើងត្រូវតែបង្កើត «វេទិកាស្ថាបត្យកម្ម» នេះឡើងដើម្បីពង្រឹងសមត្ថភាពស្ថាបត្យករ វិស្វករ និងអ្នករកស៊ីក្នុងវិស័យសំណង់ អចនទ្រព្យ លំនៅឋាន ឱ្យរក្សាបាននូវអ្វីដែលជាអត្ដសញ្ញាណជាតិផង ទំនើបកម្មផងដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្ដមបន្ដថា ប្រសិនបើប្រទេសកម្ពុជាអាចរក្សាបានស្ថាបត្យកម្មខ្មែរបែបទំនើប ប្រទេសកម្ពុជានឹងទទួលបានលំហូរភ្ញៀវទេសចរកាន់តែច្រើនដែរ ព្រោះយើងអាចដឹងបានតាមរយៈចំណង់ចំណូលចិត្ដរបស់ភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជា គឺចង់ឃើញប្រាសាទបុរាណដែលជាស្នាដៃស្ថាបត្យករខ្មែរពីបុរាណហ្នឹងឯង។
«វេទិកាស្ថាបត្យកម្ម»នឹងត្រូវធ្វើឡើងនៅថ្ងៃដំបូងនៃកម្មវិធីពិព័រណ៍វិស័យសំណង់Cambuild2017 ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី7-9 ខែកញ្ញា ឆ្នាំ2017នៅសាលកោះពេជ្រ។ ក្នុងនោះក៏មានក្រុមហ៊ុនជាង300ក្រុមហ៊ុនចូលរួមដោយនាំមកនូវផលិតផលដែលជាបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់មកតាំងបង្ហាញដោយផលិតផលទាំងនោះមានមកពីប្រទេសចិន ចិនតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម អ៊ីតាលី ជាដើម។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ទៀតថា នៅក្នុងវេទិកាស្ថាបត្យកម្មនេះនឹងមានស្ថាបត្យករកំពូលៗមកពីប្រទេសសិង្ហបុរី ថៃ ភូមា ឡាវ និងកម្ពុជា មកចូលរួមបង្ហាញនូវបទពិសោធល្អៗរបស់ពួកគាត់មកចែកជូនដល់ស្ថាបត្យករកម្ពុជា ក៏ដូចជានិស្សិតដែលសិក្សាលើជំនាញនេះឱ្យយល់កាន់តែច្បាស់ពីការអភិវឌ្ឍ និងគំនិតច្នៃប្រឌិតនានា។
ជាមួយគ្នានេះឯកឧត្ដមភឿង សោភ័ណ្ឌ ក៏បានក្រើនរំឭកដល់សិស្សនិស្សិតទាំងអស់គួរតែមកចូលរួមក្នុងវេទិកាសាធារណៈមួយនេះដោយពុំត្រូវមើលរំលងឡើយ ព្រោះវេទិកានេះនឹងផ្ដល់ពុទ្ធិ និងបទសោធថ្មីៗជាច្រើន។ ម្យ៉ាងវេទិកាស្ថាបត្យកម្មនេះជាកម្មវិធីដែលបានរៀបចំជាលើកដំបូងទៀតផង៕