(ប្រទេសចិន)៖ «Chinese Doctors» ដែលជាខ្សែភាពយន្តចិន និយាយអំពីការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត COVID-19 នៅទីក្រុង Wuhan រកបានប្រាក់ចំណូល 1 ពាន់លានយុន (ជាង 154 លានដុល្លារអាមេរិក)។
យោងតាមសារព័ត៌មាន Sina ខ្សែភាពយន្តដែលបានធ្វើឱ្យកក្រើកបន្ទប់លក់សំបុត្រក្នុងរដូវក្ដៅឆ្នាំនេះ កំពុងតែនាំមុខគេលើប្រាក់ចំណូល បើធៀបនឹងខ្សែភាពយន្តដែលចេញដំណាលគ្នា មានដូចជា រឿង 1921 ឬ Realm of Terracotta ជាដើម។ ក្រុមអ្នកជំនាញ បានព្យាករថា Chinese Doctors នឹងរកបានចំណូលប្រហែល 1.6 ពាន់លានយុន ដែលស្មើនឹង 247 លានដុល្លារអាមេរិក។
Chinese Doctors ដែលបានថតកាលពីចុងឆ្នាំ 2020 គឺជាភាពយន្តមួយ យោងទៅតាមទិដ្ឋភាពនៅឯមន្ទីរពេទ្យនានាក្នុងទីក្រុង Wuhan ចាប់តាំងពី COVID-19 បានបង្ហាញខ្លួន រហូតដល់ត្រូវបានគ្រប់គ្រង។ ស្នាដៃនិពន្ធនេះ បង្ហាញឡើងវិញនូវទិដ្ឋភាពនៃប្រការប្រយុទ្ធប្រឆាំងនឹង COVID-19 រួមនឹងការតស៊ូដើម្បីរស់របស់ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល។ Chinese Doctors មានការចូលរួមសំដែងពីតារាល្បីៗមួយចំនួន ដូចជា Zhang Hanyu (ដើរតួជា Zhang Jingyu), Yuan Quan (Wen Ting), Zhu Yawen (Tao Jun), Li Chen (Wu Chenguang), Jackson Yee (Yang Xiaoyang), Oho Ou (Jin Zai) និង Zhou Ye (Xiao Wen)។ល។
ទោះជាជោគជ័យក៏ដោយ ប៉ុន្តែ Chinese Doctors ក៏ទទួលបានការរិះគន់មួយចំនួន ដូចជាថា ភាពយន្តនេះ មានកន្លែងខ្លះខ្វះភាពត្រឹមត្រូវ មិនដូចជាក់ស្ដែង។ អ្នកខ្លះថា «រោគរាតត្បាតមិនទាន់បានបញ្ចប់ផង ប៉ុន្តែ សាច់រឿងនេះ មើលទៅដូចបានកើតឡើងតាំងពីសតវត្សរ៍មុន»។
Chinese Doctors គឺជាខ្សែភាពយន្តដ៏កម្រ ដែលរកបានចំណូលច្រើនគួរសមនៅក្នុងរដូវក្ដៅឆ្នាំនេះ។ យោងតាម Mtime គិតមកដល់ថ្ងៃទី 21 កក្កដា ចំណូលសរុបនៅក្នុងរដូវក្ដៅឆ្នាំនេះ មានចំនូនជាង 4.2 ពាន់លានយុន ស្មើនឹង 648.6 លានដុល្លារអាមេរិក ថយចុះពាក់កណ្ដាល បើធៀបនឹងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ 2018 និង 2019៕
ប្រភព៖ Xinhuanet
ប្រែសម្រួល៖ បុត្រា