បេក្ខនារី Konatsu Yoshida តំណាងឱ្យខេត្ត Hokkaido បានគ្រងមកុដបវរកញ្ញាឯកផែនដីជប៉ុន ឆ្នាំ 2021 បន្ទាប់ពីបានយកឈ្នះលើបេក្ខនារីចំនួន 26 នាក់ មកពីតំបន់នានា ក្នុងប្រទេសនេះ។
នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី 20 ខែកក្កដា នៅរាជធានី តូខ្យូ នាង Konatsu Yoshida ត្រូវបានប្រគល់មកុដពី Anna Tode ដែលជាបវរកញ្ញាឯកផែនដីជប៉ុន ឆ្នាំ 2020 (Miss Earth Japan 2020)។ បវរកញ្ញាឯកថ្មីនេះ មានកម្ពស់ 1.7 ម៉ែត្រ គឺជាអ្នករាំរបាំបាឡេ និងជាអ្នកលេងព្យ៉ាណូផងដែរ។ នាងធ្លាប់បានរៀននៅវិទ្យាស្ថានរបាំអន្តរជាតិក្នុងទីក្រុង ប៊ែកឡាំង និងបានរស់នៅក្នុងប្រទេស អាល្លឺម៉ង់ អស់មួយរយៈពេលផងដែរ។ នេះបើតាមសារព័ត៌មាន Missosology។
បវរកញ្ញាភពផែនដី Konatsu Yoshida នឹងធ្វើជាតំណាងរបស់ ជប៉ុន ទៅចូលរួមប្រលងបវរកញ្ញាភពផែនដីឆ្នាំ 2021 ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេស ហ្វីលីពីន នៅចុងឆ្នាំនេះ។
គណៈកម្មការក៏បានផ្ដល់រង្វាន់ បវរកញ្ញាឯករង ក្នុងនាមជា Miss Air ដល់ Haruka Miura (តំណាងឱ្យ Aomori), Miss Water ដល់ Mari Fujita (Osaka) និង Miss Fire ដល់ Rina Takehara (តំណាងឱ្យរាជធានី)។
Miss Earth Japan គឺជាព្រឹត្តិការណ៍ប្រលងបវរកញ្ញាប្រចាំឆ្នាំរបស់ប្រទេស ជប៉ុន ដើម្បីជ្រើសរើសបេក្ខភាពទៅចូលរួមប្រកួតប្រជែងនៅ Miss Earth អន្តរជាតិ៕
ប្រភព៖ Missosology
ប្រែសម្រួល៖ បុត្រា