តារាចម្រៀងអាមេរិកាំង នាង Britney Spears បានបើកបររថយន្តជាលើកដំបូង បន្ទាប់ពីត្រូវតុលាកហាមឃាត់អស់រយៈពេល 13 ឆ្នាំ ដោយឱ្យរស់នៅក្រោមការគ្រប់គ្រងទាំងស្រុងដូចកូនតូច ពីសំណាក់ឪពុក។
យោងតាមសារព័ត៌មាន People កាលពីថ្ងៃទី 21 កក្កដា ប្រភពព័ត៌មានដែលស្និទ្ធនឹង Britney Spears បានឱ្យដឹងថា «តារាចម្រៀងរូបនេះ រីករាយខ្លាំងណាស់ នៅពេលមានសិទ្ធិបើកបររថយន្តឡើងវិញ។ នាងសប្បាយចិត្តខ្លាំង និងដឹងគុណចំពោះអ្នកដែលបានជួយដល់នាងនាពេលថ្មីៗនេះ។ Britney Spears ក៏ពេញចិត្តនឹងសវនាការរបស់តុលាការនាពេលកន្លងផងដែរ។ នាងសង្ឃឹមថា មេធាវីថ្មី អាចជួយនាងឱ្យរួចផុតពីការគ្រប់គ្រង (ដែលជាបញ្ជារបស់តុលាការ)»។
Britney Spears ធ្លាប់ត្រូវបានរិះគន់ នៅពេលបណ្ដោយឱ្យកូនតូចអង្គុយលើភ្លៅ ដោយមិនពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យកូន ក្នុងពេលបើកបររថយន្ត កាលពីឆ្នាំ 2006។ ក្រោយពីត្រូវបានតុលាការចេញសាលក្រមឆ្នាំ 2008 តារាចម្រៀងរូបនេះ ក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុក ហើយមិនមានសិទ្ធិបើកបរនោះទេ បើសិនមិនមានការអនុញ្ញាតពីឪពុក។ បងប្រុសរបស់នាង ធ្លាប់បាននិយាយថា Britney Spears គឺជាអ្នកបើកបរមិនល្អ ហើយថា ការហាមមិនឱ្យនាងបើកបររថយន្ត គឺជា រឿងត្រឹមត្រូវ។
នៅក្នុងសវនាការកាលពីថ្ងៃទី 14 កក្កដា ចៅក្រមបានយល់ព្រមតាមការស្នើរបស់ Britney Spears ដោយតែងតាំងមេធាវីថ្មី ឈ្មោះ Mathew Rosengart បន្ទាប់ពីលោក Samuel Ingham II បានសុំឈប់ពីការងារ។ នេះជាលើកដំបូងហើយដែលនាងមានសិទ្ធិជ្រើសរើសមេធាវីផ្ទាល់ខ្លួន ក្រោយរយៈពេល 13 ឆ្នាំដែលត្រូវតុលាការហាមឃាត់។
នៅក្នុងសវនាការខាងលើនេះដែរ Britney Spears ក៏បានចោទឪពុករបស់ខ្លួនអំពីបទរំលោភលើសិទ្ធិជាអាណាព្យាបាល។ នាងឱ្យដឹងថា ខ្លួនត្រូវបានគ្រប់គ្រងយ៉ាងឃោរឃៅ។ តារាចម្រៀងរូបនេះ ចង់ឱ្យតុលាការបើកការស៊ើបអង្កេតលើឪពុកទៀតផង។
លោក Jamie Spears ដែលជាឪពុករបស់ Britney Spears ត្រូវបានតុលាការសម្រេចឱ្យធ្វើជាអ្នកគ្រប់គ្រងលើ Britney Spears ចាប់ពីឆ្នាំ 2018 ក្រោយពីនាងបានឃុំខ្លួនឯង និងកូនៗនៅក្នុងបន្ទប់ បន្ទាប់ពីចាញ់ក្ដីនៅតុលាការ ទាក់ទិននឹងសិទ្ធិចិញ្ចឹមកូនក្រោយការលែងលះស្វាមី។ លោក Jamie Spears ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំប្រហែល 130,000 ដុល្លារ សម្រាប់តួនាទីនេះ។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ Britney Spears បានស្នើតុលាការ ដកបទបញ្ជាទាក់ទងនឹងសិទ្ធិជាអាណាព្យាបាលលើរូបនាងពីសំណាក់ឪពុក ប៉ុន្តែមិនបានសម្រេច។ នៅក្នុងវ័យ 40 ឆ្នាំ Britney Spears ពុំមានសិទ្ធិបោះឆ្នោត និងជួបកូនៗដោយសេរីនោះឡើយ ហើយនាងថែមទាំងត្រូវគ្រប់គ្រងលើបញ្ហាហិរញ្ញវត្ថុ ការឆ្លើយនឹងកិច្ចសម្ភាស។ល។
ប្រភព៖ People
ប្រែសម្រួល៖ បុត្រា