លីគកំពូលវៀតណាម ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពីលេងបានត្រឹមពាក់កណ្តាលទី បន្ទាប់ពីរលកទី2 នៃការរាលដាលរបស់ជំងឺកូវីដ-19 បានវាយប្រហារប្រទេសក្បែរខាងកម្ពុជាមួយនេះយ៉ាងខ្លាំងក្លា ធ្វើឱ្យមានអ្នកឆ្លងរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ជុំវិញលទ្ធភាពនៃវិលត្រឡប់មកវិញ លីគកំពូលវៀតណាម ឬ V-League បានប្រកាសអំពីកាលបរិច្ឆេទហើយ គឺនឹងបន្តធ្វើការប្រកួតជាថ្មីឡើងវិញ នៅខែកុម្ភៈ ឆ្នាំ2022ឯណោះ។ ការពន្យារពេលយូរបែបនេះ គឺដើម្បីឱ្យរលកនៃការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ បានធូរស្បើយបន្តិច និងណាមួយ គឺដើម្បីឱ្យសហព័ន្ធយកពេលនេះ ប្រមូលផ្តុំផ្តោតទៅលើក្រុមជម្រើសជាតិ និងឈុតស៊ីហ្គេមផង។
គួរឱ្យដឹងដែរថា លីគកំពូលវៀតណាម មានក្រុមចូលរួមទាំងអស់ 14ក្រុម ដោយ 2ក្រុមកំពូលតារាង នឹងទទួលបានកៅអីទៅ AFC Champions League និង AFC CUP តែយ៉ាងណាក្ដី រូបមន្តប្រកួត រដូវកាលនេះ វៀតណាមបានបែងចែកតារាងចំណាត់ថ្នាក់ជា2 ដូចរដូវកាលមុនដែរ ដើម្បីចំណេញពេលវេលា ដោយប្រកួតចប់ជើងទី1 ក្រុមកំពូលទាំង6 នឹងប្រកួតដណ្តើមចំណាត់កំពូល ចំណែកឯ 8ក្រុម ក្រោមៗមកទៀត នឹងត្រូវប្រជែងឱ្យផុតពីតំបន់កាត់ចេញ៕