Skip to content

សេដ្ឋវិទូ​សាទរ​ការសម្រេច​របស់​សម្តេច​តេ​ជោ ​លើ​ការអនុគ្រោះ​ពន្ធ​វិស័យ​កាត់ដេរ

ភ្នំពេញៈ ក្រុម​សេដ្ឋវិទូ​នានា​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​បានប្រកាស​ផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​អ្នកវិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​រយៈពេល9ឆ្នាំ។

ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១ កញ្ញា​នេះ​ថា ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​លើកលែង​ពន្ធ​ក្នុង​វិស័យនេះ​គឺជា​សញ្ញា​ល្អ​មួយ​ដែលជា​ការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ ព្រោះ​កម្ពុជា​បាន​យក​ពន្ធលើប្រាក់ចំណេញ20ភាគរយ គឺជា​ចំនួន​មួយ​ច្រើន ហេតុនេះ​ប្រសិនជា​រដ្ឋាភិបាល​សម្រេចចិត្ត​មិន​យក​ពន្ធលើប្រាក់ចំណេញ​នេះ វា​ជា​ការជួយ​រួមចំណែក​ច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ។

លោក ង៉ែត ជូ បាន​បន្តថា លោក​ពិត​ជាមាន​ការអបអ​រ​សាទរ​ចំពោះ​ការសម្រេចចិត្ត​នេះ ប៉ុន្តែ​អ្វីដែល​សំខាន់​ក្នុង​វិស័យនេះ គឺ​ទាមទារ​ការវិនិយោគ​លើ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ដើម្បី​បង្កើន​ផលិតភាព និង​ការផ្គត់ផ្គង់​វត្ថុធាតុដើម គឺ​កម្ពុជា​បាន​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ភាគច្រើន ដូច្នេះ​ប្រសិនជា​រោងចក្រ​ទាំងនោះ​វិនិយោគ​ផលិត​វត្ថុធាតុដើម​នៅ​កម្ពុជា រដ្ឋាភិបាល​គួរ​លើកលែង​ពន្ធ​ទាំងអស់​រយៈពេល5ឆ្នាំ ព្រោះ​ការយក​វត្ថុធាតុដើម​ពី​គេ ធ្វើ​ឲ្យ​អ្វី​យើង​ទទួលបាន​តម្លៃបន្ថែម​ពី​វិស័យនេះ​មាន​កម្រិត និង​ធ្វើ​ឲ្យ​ឧស្សាហ​កម្មនេះ​ងាយ​ចាប់ផ្តើម និង​ងាយ​បិទទ្វារ។

ក្នុងជំនួប​ជាមួយ​កម្មករ កម្មការិនី​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី2 កាលពី​ថ្ងៃទី30 ខែសីហា​កន្លងមកនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​ថា នឹង​ផ្តល់​ការអនុគ្រោះ​ពន្ធ9ឆ្នាំ​ចំពោះ​ការវិនិយោគទុន​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដើម្បី​ដោះដូរ​ទៅនឹង​ការផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​មួយ​នេះ។

សម្តេច​តេ​ជោ​ហ៊ុន សែន​ថ្លែងបន្តថា តាម​សំណើ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានស្នើ​ថា នឹងមាន​ការអនុគ្រោះ​មិន​យកពន្ធ​រយៈពេល9ឆ្នាំ​ដល់​អ្នកវិនិយោគ​កាលពីមុន គឺ​យើង​មានការ​លើកលែង​ពន្ធ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​រយៈ​ពេល5ឆ្នាំ។ ការដែល​យើង​ផ្តល់នូវ​ការលើកលែង​ពន្ធ​រយៈពេល9ឆ្នាំ​ចំពោះ​អ្នកវិនិយោគ​ថ្មី​គឺជា​ថ្នូរ​ទៅនឹង​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត និង​អត្ថប្រយោជន៍ផ្សេងៗទៀត​ផងដែរ​ព្រមទាំង​ភាព​រឹង​ដៃជើង​នៃ​សេដ្ឋកិច្ច​ផង។

អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែងថា ការអនុគ្រោះ​ពន្ធ​រយៈពេល9ឆ្នាំ ផ្តោតលើ​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ វា​ជាការ​ទាក់ទាញ​ការវិនិយោគថ្មីៗ តែ​មិន​ជួយ​ឧស្សាហកម្ម​ដែលមាន​ស្រាប់​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​អាច​នឹង​ពន្យារពេល​បង់​ពន្ធលើប្រាក់ចំណេញ​ពី​ប្រចាំខែ មក​ប្រចាំឆ្នាំ​វិញ​ក៏​ជាការ​ល្អ​ដែរ ព្រោះ​ការពន្យារពេល​បង់ពន្ធ​លើ​ប្រាក់ចំណេញ​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ។

លោក​បន្តថា“ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល ជា​ការជួយ​សម្រួល​មួយ​ដល់​វិស័យនេះ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ជួយ​សម្រួល​បន្ថែមទៀត​លើ​ការកាត់បន្ថយ​ការចំណាយ​លើក​ម្រៃ​ឯកសារ​នានា និង​ផ្នែក​ដឹកជញ្ជូន”៕

Leave a Reply

Your email address will not be published. Required fields are marked *