សម្រស់ពោរពេញដោយភាពជាអ្នកសំដែងរបស់ Jeong Yeon នៅក្នុងវីដេអូ behind the scenes នៃសកម្មភាពថតរូបដាក់ទស្សនាវដ្ដី កាលពីពេលថ្មីៗនេះ បានទទួលការលើកសរសើរច្រើនពីសំណាក់អ្នកគាំទ្រ។
កាលពីថ្ងៃទី 19 កក្កដា Twice បានបង្ហោះវីដេអូ behind the scenes នៃការថតរូបដាក់ទស្សនាវដ្ដី Esquire Korea របស់ Jeong Yeon។ នេះគឺជាកម្រងរូបថតទស្សនាវដ្ដី ដែលបញ្ជាក់អំពីការវិលត្រលប់របស់ Jeong Yeon បន្ទាប់ពីបានសម្រាកព្យាបាលផ្លូវចិត្តមួយរយៈពេល។ ដូច្នេះ វាមានន័យខ្លាំងណាស់សម្រាប់តារាសិល្បៈរូបនេះ ក៏ដូចជាសម្រាប់អ្នកគាំទ្ររបស់នាង។
នៅក្នុងកម្រងរូបថតនេះ Jeong Yeon ទុកសក់ខ្លីប៉ប្រះស្មា លាបពណ៌យ៉ាងភ្លឺចាំងភ្នែក ស្លៀកពាក់ឈុតខោអាវប្រកបដោយភាពថ្នៃថ្នូរ និងទាន់សម័យ បង្អួតសម្រស់បែបនារីពេញវ័យ ដែលបញ្ជាក់បានអំពីសុខភាពមាំមួនឡើងវិញ ក្រោយបានផ្អាកសកម្មភាពសិល្បៈអស់មួយរយៈពេល ដើម្បីព្យាបាលជំងឺ។
បើទោះជាទម្រង់រាងកាយមិនទាន់ត្រលប់មកជាស្ដើងដូចមុនក៏ដោយ ប៉ុន្តែ Jeong Yeon នៅតែអាចធ្វើឱ្យសាធារណជនចាប់អារម្មណ៍ ខ្លាំង ព្រោះតែកាយវិការដូចទៅនឹងកំពូលតារាសំដែង ចំណែកផ្ទៃមុខក៏ស្រស់ត្រកាល មានមន្តស្នេហ៍។
Jeong Yeon ត្រូវបានវាយតម្លៃថា ជា តារាចម្រៀងមួយរូបនៅក្នុងចំណោមសមាជិកនៃក្រុមចម្រៀងស្រី Twice ដែលស័ក្ដិសមនឹងការថតរូបដាក់ទស្សនាវដ្ដីបំផុត។
កាលពីដើមឆ្នាំ 2021 Jeong Yeon បានចាប់ផ្ដើមបង្ហាញវត្តមានឡើងវិញជាមួយនឹងក្រុម Twice បន្ទាប់ពីបានព្យាបាលជំងឺអស់មួយរយៈទាក់ទងនឹងបញ្ហាផ្លូវចិត្ត។ រូបរាងរបស់នាងពេលនោះ «នៅមានសាច់ច្រើន» នៅឡើយ។