Skip to content

រដ្ឋាករទឹក​ក្រុងភ្នំពេញ គ្រោង​ចាយលុយ 500លាន​ដុល្លារ​ដើម្បី​ពង្រីក​បណ្តាញ

ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានបង្ហាញ​ផែនការ​រយៈពេល​វែងរ​បស់​ខ្លួន​សម្រាប់​ឆ្នាំ2017 ដល់​ឆ្នាំ 2030 ដោយ​ស្ថាប័ន​ស្វយ័ត​នេះ គ្រោង​បោះទុន​វិនិយោគ​រហូតដល់ 500លាន​ដុល្លារ​អាមេរិក។

លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី1 កញ្ញា​នេះ​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានរៀបចំ​ផែនការ​យូរអង្វែង​ដែលជា​ផែនការមេ​ដ៏​ធំ​មួយ​ចាប់ពី​ឆ្នាំនេះ​រហូតដល់​ឆ្នាំ2030សម្រាប់​ជំហានធំៗក្នុងការ​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​នៅក្នុង​ផែនការ​គិត​ជា​ទឹកប្រាក់​គ្រោង​ចំណាយ​អស់​ប្រមាណ​ជាង500លាន​ដុល្លា​អាមេរិក​ដើម្បី​ជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន100ភាគរយ។

លោក​បន្តថា នៅក្នុង​គម្រោង​ផែនការ​អភិវឌ្ឍ​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចាប់ពី​ឆ្នាំ2018ខាងមុខនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​គ្រោង​ពង្រីក​បណ្តាញ​ចែកចាយ​ទឹកស្អាត​ឲ្យ​បាន​ចំនួន​ជាង2ម៉ឺន​កុង​ទ័​រ​គឺ​ស្មើ​ជាង2ម៉ឺន​គ្រួសារ​នៅ​តំបន់​ជាយក្រុង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​ទទួលបាន​សេវា​ប្រើប្រាស់​ទឹកស្អាត។

លោក ស៊ឹម ស៊ីថា បាន​បន្ត​ទទួលស្គាល់ថា លទ្ធភាព​នៃ​ការ​ចែកចាយ​បណ្តាញទឹក​ស្អាត​នៅ​ក្រុងភ្នំពេញ​គឺ​ពុំទាន់​ឆ្លើយតបបាន​ទៅតាម​សេចក្តីត្រូវការ​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ការអនុវត្ត​គោលការណ៍​ទឹកស្អាត​សម្រាប់​ទាំងអស់គ្នា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ពង្រីក​បណ្តាញ​ទៅកាន់​ជាយក្រុង​កាន់តែច្រើន បើ​ធៀប​នឹង​តំបន់​នៅក្នុង​ទីក្រុង​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការប្រើប្រាស់​ទឹកស្អាត​ក្នុងតម្លៃ​សមរម្យ​មួយ និង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ប្រកបដោយ​គុណភាព៕

Leave a Reply

Your email address will not be published. Required fields are marked *