ឧបករណ៍នេះ មានផ្ទុកអង្គញាណជីវសាស្ត្រ (Biological Sensors) អាចរកឃើញ COVID-19 តាមរយៈខ្យល់ដង្ហើមរបស់អ្នកវិជ្ជមាននឹងវីរូស នៅក្នុងកន្លែងធ្វើការ និងអាចរកឃើញវ៉ារ្យ៉ង់ (វីរូសបំប្លែងខ្លួនថ្មី) របស់ COVID-19 ចំនួន 8 ប្រភេទ។
ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យារ៉ូយ៉ាល់មែលប៊ន (RMIT) និងវិទ្យាស្ថានបឺរណែត របស់ អូស្ដ្រាលី គឺជាអ្នកបានអភិវឌ្ឍឧបករណ៍បច្ចេកវិទ្យានេះ។
ឧបករណ៍ទំនើប ដែលរួមមាន អង្គញាណជីវសាស្ត្រនេះ មានរូបរាងតូច ប្រើប្រាស់បច្ចេកទេសមីក្រូអេឡិចត្រូនិកប្រកបដោយភាពបត់បែន និងបច្ចេកវិទ្យា nano សិប្បនិម្មិត ដែលមានសមត្ថភាពវិភាគដឹងច្បាស់អំពីប្រភេទវីរុស តាមរយៈដង្ហើមរបស់មនុស្សនៅតាមទីតាំងជាក់លាក់។ អ្នកប្រើប្រាស់ នឹងទទួលបានឈីបមួយបន្ថែមទៀត សម្រាប់ផ្ទុកទិន្នន័យឯកជន។
TS Alasdair Wood សមាជិកម្នាក់របស់ក្រុមស្រាវជ្រាវ ឱ្យដឹងថា អង្គញាណស្វែងរកវីរុសក្នុងបរិស្ថាន ដែលពិភពលោកកំពុងអភិវឌ្ឍ នាបច្ចុប្បន្ន មានទំហំធំ ស៊ីថាមពលច្រើន និងអាចរកឃើញតែវីរុសមួយប្រភេទ។ អង្គញាណរបស់ក្រុមខាងលើ មានរូបរាងតូច អាចពាក់នៅលើដៃ ឬដាក់ភ្ជាក់នឹងជញ្ជាំងនៃបន្ទប់ធ្វើការ ឬមន្ទីរពេទ្យ និងអាចរកឃើញវីរុសបំប្លែងខ្លួនថ្មីរហូតដល់ 8 ប្រភេទឯណោះ។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បន្ថែមថា ឧបករណ៍របស់ពួកគេ មានសមត្ថភាពរកឃើញវីរុស COVID-19 សូម្បីតែនៅលើអ្នកវិជ្ជមានដែលមិនទាន់មានរោគសញ្ញាទៀតផង។
តាមគម្រោង ឧបករណ៍នេះនឹងត្រូវបានផលិតទ្រង់ទ្រាយធំជាបន្តបន្ទាប់ និងដាក់លក់ក្នុងទីផ្សារ ចាប់ពីដើមឆ្នាំ 2022៕
ប្រភព៖ 9news
ប្រែសម្រួល៖ បុត្រា