ក្រុមហ៊ុន អង់គ្លេស បង្ហាញកំណែដើរដោយថាមពលអគ្គិសនី នៃឈុតហោះហើរលក្ខណៈបុគ្គល ដូចទៅនឹង Iron Man (មនុស្សដែក) និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
Richard Browning គឺជាស្ថាបនិករបស់ក្រុមហ៊ុន Gravity Industries និងជាអ្នកអភិវឌ្ឍឈុតហោះហើរលក្ខណៈ ដែលប្រៀបបានទៅនឹង «មនុស្សដែក» នេះ។
ឈុតហោះហើរថ្មី ដំណើរការដោយថាមពលអគ្គិសនីនេះ មានឈ្មោះថា E-suit។ លោក Richard Browning បានឱ្យដឹងថា កំណែដើរដោយថាមពលអគ្គិសនីនេះ បានបង្ហាញអំពីមហិច្ឆតារបស់ពួកយើង ដោយដែនកំណត់របស់វា ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់។
លោក Richard Browning បន្តថា «តាមពិត កាលពី 24 ម៉ោងមុន វាមិនទាន់បង្ហាញបានអំពីអ្វីដែលយើងត្រូវការ។ ប៉ុន្តែ យើងចង់បង្ហាញសកម្មភាពជាក់ស្ដែង ជាជាងការនិយាយ ហើយយើងក៏សំដែងនៅចំពោះមុខសាធារណជន។
កំណែនៃឈុតហោះហើរ ដែលដើរដោយថាមពលឧស្ម័ន ត្រូវបានគេបង្ហាញ និងទទួលស្គាល់រួចហើយ នៅក្នុងបេសកកម្មស្វែងរក ជួយសង្គ្រោះ និងនៅក្នុងវិស័យយោធា។ កំណែដើរដោយថាមពលឧស្ម័ននេះ អាចមានល្បឿនដល់ 130 គម/ម៉ោង ហើយបើតាមទ្រឹស្ដី វាអាចហោះឡើងដល់កម្ពស់ជាង 3.650 ម៉ែត្រ។
ដូច្នេះ កំណែអគ្គិសនី ត្រូវការកែលម្អឱ្យបានច្រើនជាងបច្ចុប្បន្ន។ Richard Browning ថ្លែងថា ប្រការនេះ អាស្រ័យលើអាគុយ។ ពិតជាគួរឱ្យភ្ញាក់ផ្អើល នៅពេលដឹងថា ត្រូវការថាមពលប៉ុន្មានដែលអាចផ្ទុកក្នុងឧបករណ៍តូចបែបនេះ ដើម្បីអាចនាំមនុស្ស ហោះផុតពីដី។ វានៅត្រង់ដែនកំណត់ ដោយសារតែកម្រិតនៃថាមពលដែលអាចផ្ទុកបាននៅក្នុងអាគុយ។
«ក៏ប៉ុន្តែ ថ្ងៃនេះ យើងបានជោគជ័យ ដោយអាចធ្វើឱ្យឈុតហោះហើរនេះ ដំណើរការបាន» ស្ថាបនិករបស់ក្រុមហ៊ុន Gravity Industries បញ្ជាក់បន្ថែមដូច្នេះ៕
ប្រភព៖ Amaze Lab
ប្រែសម្រួល៖ បុត្រា