ទ្រព្យសម្បត្តិរបស់ Bang Si-hyuk ដែលជាស្ថាបនិករបស់ក្រុមហ៊ុននៅពីក្រោយក្រុមចម្រៀង K-pop BTS កើនឡើងជាងទ្វេដង ដោយប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
យោងតាមទំព័រ Bloomberg Billionaires Index លោក Bang Si-hyuk មានទ្រព្យសុទ្ធប្រមាណ 3.2 ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមូលបត្រក្រុមហ៊ុន Hybe របស់លោក កើនបន្ថែម 131% រាប់ចាប់ពីពេលត្រូវបានបោះផ្សាយមូលបត្រ (IPO) នៅប្រទេស កូរ៉េខាងត្បូង កាលពីខែតុលា។ ក្នុងអំឡុងធ្វើ IPO ទ្រព្យសម្បត្តិរបស់លោក Bang មានតម្លៃស្មើនឹង 1.5 ពាន់លានដុល្លារអាមេរិក។
នោះគឺជាភ័ស្ដុតាងបង្ហាញអំពីភាពល្បីល្បាញរបស់ក្រុមចម្រៀង BTS ដែលមានកម្រងចម្រៀងមួយចំនួន ទទួលបានការគាំទ្របំផុតក្នុងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិនិយោគក៏មានការជឿជាក់លើមហិច្ឆតាក្ដោបក្ដាប់ពិភពតន្ត្រីរបស់ក្រុមហ៊ុន Hybe ក្រោយពីទិញបានក្រុមហ៊ុនដែលនៅពីក្រោយតារាចម្រៀងអន្តរជាតិពីររូប គឺ Justin Bieber និង Ariana Grande។
លោក Bang កាន់កាប់ភាគហ៊ុនចំនួន 34% របស់ក្រុមហ៊ុន Hybe និងត្រូវបានគេហៅថា «Hitman» នៅ កូរ៉េខាងត្បូង ទៀតផង។
កាលពីខែមេសា ក្រុមហ៊ុន Hybe ប្រកាសថា បានចំណាយប្រាក់ 1.05 ពាន់លានដុល្លារ សម្រាប់ Ithaca Holding ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលនៅពីក្រោយតារាចម្រៀង Bieber និង Grande។ Scooter Braun ដែលជាអ្នកដឹកនាំក្រុមហ៊ុន Ithaca ក្លាយជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hybe America ក្រោយការទិញដូរនេះ។
លោក Braun កាន់កាប់ភាគហ៊ុនចំនួន 1% របស់ Hybe ដែលមានតម្លៃស្មើនឹង 124.8 លានដុល្លារអាមេរិក។ សមាជិករបស់ក្រុមហ៊ុន BTS ដែលសុទ្ធតែមានវ័យ 20 ឆ្នាំ កាន់កាប់ភាគហ៊ុនដែលមានតម្លៃ 18.5 លានដុល្លារស្មើៗគ្នា ខណៈដែល Bieber និង Grande ម្នាក់ៗកាន់កាប់ភាគហ៊ុនដែលមានតម្លៃ 14.5 លានដុល្លារ។
Bang Si-hyuk បានបង្កើត Big Hit Entertainment ដែលជាឈ្មោះដើមរបស់ Hybe កាលពីឆ្នាំ 2005។ ដំបូងឡើយ ក្រុមហ៊ុននេះ មិនសូវមានសកម្មភាពនោះទេ ហើយវាស្ទើរតែដួលរលំ នៅក្នុងដំណាក់កាលដំបូង មុនពេល BTS ចេញអាល់ប៊ុម ដំបូងកាលពីឆ្នាំ 2013។
បទចម្រៀងថ្មី ល្បីបំផុតរបស់ BTS គឺ Butter ធ្លាប់ស្ថិតនៅលើកំពូលតារាងចំណាត់ថ្នាក់ Billboard Hot 100 អស់ជាច្រើនសប្ដាហ៍។ ក្រុមហ៊ុន Hybe ឱ្យដឹងកាលពីឆ្នាំ 2020 ថា ប្រាក់ចំណូលជិត 88% នៅក្នុងពាក់កណ្ដាលដើមឆ្នាំ 2020 គឺបានមកពី BTS។
ក្រុមអ្នកវិភាគយល់ថា Hybe ត្រូវការស្វែងរក «BTS បន្ទាប់» ហើយមហាសេដ្ឋី Bang Si-hyuk ក៏យល់ឃើញបែបនេះដែរ។ «ពួកគេកំពុងកាន់បន្ថយការពឹងផ្អែកទៅលើក្រុមចម្រៀង BTS។ ក្រុមចម្រៀងប្រុសផ្សេងទៀតរបស់ Hybe បានប្រែជាល្បីឈ្មោះជាងមុន ហើយក្រុមហ៊ុនក៏មានតារាចម្រៀងអន្តរជាតិបន្ថែមទៀត» Gina An អ្នកវិភាគរបស់ក្រុមហ៊ុន eBest Investment & Securities វាយតម្លៃដូច្នេះ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា