ទស្សនៈអំពីស្នេហារបស់មនុស្សក្នុងវ័យជំនាន់នីមួយៗ មានភាពខុសប្លែកពីគ្នា ទៅតាមបទពិសោធ និងសភាពបរិស្ថានរបស់សង្គម និងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មនុស្សក្នុងវ័យជំនាន់នីមួយៗ មានដំណោះស្រាយសម្រាប់សេចក្ដីស្នេហារបស់ខ្លួនឯង ខុសប្លែកពីគ្នា…ចុះអ្នកវិញ ស្ថិតក្នុងវ័យជំនាន់ណាដែរ? មានទស្សនៈចំពោះស្នេហា ដូចដែលអត្ថបទវិភាគខាងក្រោមនេះ ដែរឬទេ? ដូច្នេះយើងនាំគ្នាមកពិនិត្យមើលទាំងអស់គ្នា…។
Baby Boomer ៖ មានចម្ងល់ចំពោះស្នេហា តែនៅរក្សាទំនៀមទម្លាប់
ស្នេហារបស់មនុស្សក្នុងវ័យជំនាន់ Baby Boomer គឺមនុស្សដែលបច្ចុប្បន្ន មានអាយុក្នុងចន្លោះ 55-70ឆ្នាំ។ Baby Boomer ភាគច្រើន នឹងរៀបការមុនអាយុ30 និងជាការរៀបការតាមទំនៀមទម្លាប់ ប្រពៃណី ទោះជាមានសំណួរនៅក្នុងចិត្តអំពីការរៀបការ និងការកសាងគ្រួសារក៏ដោយ តែពួកគេ ក៏នៅតែប្រតិបត្តិតាមទំនៀមទម្លាប់បែបផែនប្រពៃណីដដែល។
ដោយមិនបានដឹងឡើយថា នៅពេលក្រោយមក ការរៀបការទាំងនៅមានសំណួរនៅក្នុងចិត្ត ធ្វើឱ្យមនុស្សក្នុងវ័យជំនាន់ Baby Boomer គឺជាក្រុមដែលមានស្ថិតិការលែងលះខ្ពស់បំផុត ព្រោះជាច្រើនគូ រៀបការដោយមិនបានដឹងថា ពួកគេស្រឡាញ់គ្នាពិតប្រាកដប៉ុនណាឡើយ និងជាច្រើនគូទៀត ក៏ប្រើវិធីរស់នៅដោយឡែកពីគ្នា ដោយមិនធ្វើលិខិតលែងលះ និងម្នាក់ៗ ក៏ទៅរកមនុស្សដែលខ្លួនឯងពេញចិត្ត ដោយមិនមានការរៀបការជាថ្មីម្ដងទៀតឡើយ ខណៈដែលជាច្រើនគូទៀត មិនមាននៅសល់សេចក្ដីស្រឡាញ់ចំពោះគ្នាទៀតឡើយ តែម្នាក់ៗរស់នៅ ដើម្បីឱ្យកូនៗសប្បាយចិត្តតែប៉ុណ្ណោះ។
វ័យជំនាន់ X ៖ ស្នេហាពិត ត្រូវតែសាងឡើងដោយដៃយើងខ្លួនឯង
មនុស្សវ័យជំនាន់ X គឺក្រុមមនុស្សដែលបច្ចុប្បន្នមានអាយុក្នុងអំឡុង 39-50ឆ្នាំ។ មនុស្សក្នុងវ័យជំនាន់នេះ នឹងក្ររៀបការ ដោយមានលទ្ធផលពិនិត្យជំរឿនឃើញថា មានតែ 1ភាគ3 ប៉ុណ្ណោះ ដែលរៀបការពេលអាយុ 30ឆ្នាំ ដោយសារតែពួកគេត្រូវការភាពពិតប្រាកដច្បាស់លាស់ក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយមនុស្សក្នុងវ័យជំនាន់ X នេះ ស៊ាំធ្លាប់នឹងការលែងលះយ៉ាងច្បាស់ ពួកគេមិនបានសម្លឹងឃើញថា វាជាបញ្ហានោះទេ តែពួកគេយល់ឃើញថា វាគឺជាការរស់នៅ ដែលត្រូវតែស្វែងរកចំណុចដែលត្រឹមត្រូវឱ្យបាន ហើយរឿងហ្នឹងឯង ដែលធ្វើឱ្យមនុស្សក្នុងវ័យជំនាន់នេះ មានស្ថិតិការលែងលះតិចបំផុត។
ព្រោះជាច្រើនគូ បានសិក្សាមើលចិត្តមើលថ្លើមគ្នាមុនរៀបការ និងនៅពេលពួកគេគិតចង់រៀបការ នោះមានន័យថា ជាការរៀបការដែលកើតឡើងពីសេចក្ដីស្នេហា មិនមែនជាការបំពេញតួនាទីទេ ហើយពួកគេនឹងធ្វើគ្រប់យ៉ាង ក្នុងការទប់ប្រគង ឱ្យគ្រួសាររបស់ខ្លួនឯង មានជីវិតដែលល្អប្រសើរ ដើម្បីមិនឱ្យកើតមានការលែងលះ។
Millennials ៖ សេចក្ដីស្នេហា សាងប្រពៃណីថ្មីមួយឡើង
មនុស្សក្នុងវ័យជំនាន់ Y ឬមីលលេននៀល នេះ ជាក្រុមដែលមានអាយុ 25-38ឆ្នាំ។ អាចរាប់បានថា ជាវ័យជំនាន់ ដែលសាងប្រពៃណីការរៀបការឡើងជារបស់ខ្លួនឯង។ ជាច្រើនគូចូលទៅរស់នៅជាមួយគ្នាមុនរៀបការ និងមានការប្រកាសឱ្យមិត្តភក្តិបានដឹងពីការចូលទៅរស់នៅជាមួយគ្នានេះទៀតផង។ ប្រៀបដូចជាការប្រកាសថា 1គូនេះ នឹងត្រូវរ៉ូវគ្នាយ៉ាងពិតប្រាកដ។ គូខ្លះថែមទាំងមានការរៀបផែនការក្នុងការទិញកន្លែងរស់នៅ(ផ្ទះ) ឬគូខ្លះថែមទាំងមានកូនជាមួយគ្នាមុនរៀបការទៀតផង។
ការពិតទៅ ក្រុមមនុស្សវ័យជំនាន់ Y នេះ មិនជឿលើប្រពៃណីការរៀបការប៉ុន្មានឡើយ ពួកគេអាចរស់នៅជាមួយគ្នា ដោយមិនបាច់រៀបការបាន ដែលនេះក៏អាចរាប់បានដែរថា ជាការសាងប្រពៃណីក្នុងការមានគ្រួសារបែបថ្មីឡើងហ្នឹងឯង។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មនុស្សវ័យជំនាន់ Y នឹងមានសញ្ញាថា រស់នៅរួមជាមួយមនុស្សក្នុងគ្រួសារ ដែលមានភាពខុសប្លែកខាងវ័យជំនាន់បានខ្លាំងជាងមនុស្សក្នុងវ័យជំនាន់ X។ ដែលវាទៅជាដូច្នេះ ព្រោះមនុស្សក្នុងវ័យជំនាន់ Y ជឿថា ការរស់នៅរួមគ្នាជាគ្រួសារធំមួយ នឹងធ្វើឱ្យអាចជួយមើលថែទាំរវាងគ្នា និងគ្នាបាន។
វ័យជំនាន់ Z ៖ ស្នេហ៍ឆ្លងវេហាស៍
វ័យជំនាន់ Z គឺក្រុមមនុស្សដែលស្ថិតក្នុងអំឡុងវ័យ 23ឆ្នាំចុះក្រោម ជាក្រុមមនុស្សដែលមិនធ្លាប់ស្គាល់សង្គមដែលមិនដែលមានស្មាតហ្វូន កុំព្យូទ័រ ឬវីដេអូហ្គេមឡើយ និងជាវ័យជំនាន់ ដែលមានភាពសម្បូរបែបខាងសង្គមច្រើនឡើង។
ស្នេហារបស់មនុស្សក្នុងវ័យជំនាន់នេះ នឹងមិនបានប្រកាន់ខ្ជាប់ជាមួយមនុស្សសញ្ជាតិដូចគ្នានឹងខ្លួនឯងទៀតឡើយ តែជាស្នេហាដែលអាចកើតឡើងបានជាមួយមនុស្សគ្រប់រូបលើពិភពលោកនេះ និងគួរឱ្យចាប់អារម្មណ៍ថា ក្រុមវ័យជំនាន់ Z នេះ មានស្ថិតិការកើតឡើង ច្រើនជាងមនុស្សក្នុងយុគសម័យ Baby Boomer ដែលនេះមានន័យថា មនុស្សក្នុងវ័យជំនាន់នេះ នឹងក្លាយជាមនុស្សក្រុមធំបំផុតរបស់ពិភពលោកនាពេលអនាគត និងប្រហែលជាត្រូវនាំគ្នាមកមើលថា តើពួកគេនឹងបន្តវេនស្នេហាបែបណា រវាងវ័យជំនាន់ X ដែលថែរក្សាសេចក្ដីស្នេហាឱ្យស្ថិតស្ថេរ និងវ័យជំនាន់ Y ដែលយល់ថា ការរៀបការ មិនមែនជាសារៈសំខាន់ក្នុងជីវិតតទៀតឡើយ តែជាការមានស្នេហាដ៏ពិតប្រាកដទៅវិញទេ ទើបធ្វើឱ្យជីវិតគូរស់រានទៅមុខបាន៕
រៀបរៀងដោយអ្នកគ្រូ ឆវី