កាលពីថ្ងៃទី 15 កក្កដា នៅក្នុងប្រកាសមួយរបស់ក្រុមហ៊ុនអវកាសចរណ៍ Blue Origin ដែលបង្កើតឡើងកាលពីឆ្នាំ 2000 ដោយកំពូលមហាសេដ្ឋីពិភពលោក ជនជាតិ អាមេរិក Jeff Bezos បានឱ្យដឹងថា អតិថិជនម្នាក់ដែលមានវ័យទើបតែ 18 ឆ្នាំ នឹងចូលរួមដំណើរនៅលើយានអវកាស New Shepard ហោះហើរទៅកាន់ទីអវកាស នៅថ្ងៃទី 20 កក្កដា ខាងមុខ។
ប្រកាសខាងលើបានឱ្យដឹងថា អតិថិជនឈ្មោះ Oliver Daemon បានបញ្ចប់ការសិក្សានៅវិទ្យាល័យ កាលពីឆ្នាំ 2020 នឹងក្លាយជាអ្នកអវកាសវ័យក្មេងបំផុតក្នុងពិភពលោក។ ការដែលបានហោះទៅកាន់ទីអវកាស គឺជា ក្ដីស្រមៃពេញមួយជីវិតរបស់ Daemon ចាប់តាំងពីគាត់មានអាយុ 4 ឆ្នាំ។ បច្ចុប្បន្ន គាត់មានវិញ្ញបនបត្របើកបរយន្តហោះ ដែលផ្ដល់ឱ្យដោយក្រុមហ៊ុនឯកជន។
ប្រធានប្រតិបត្តិរបស់ Blue Origin លោក Bob Smith និយាយថា «ព្រឹត្តិការណ៍នេះ គឺជា ការចាប់ផ្ដើមនៃដំណើរហោះហើរបែបពាណិជ្ជកម្មរបស់ New Shepard ហើយ Oliver Daemon គឺជាអ្នកតំណាងឱ្យមនុស្សជំនាន់ថ្មី ជាក្រុមមនុស្សដែលនឹងជួយបើកផ្លូវទៅកាន់ទីអវកាស»។
រួមដំណើរជាមួយ Daemon នៅក្នុងការហោះហើរទៅកាន់ទីអវកាសនៅថ្ងៃទី 20 កក្កដា ខាងមុខ ក៏នឹងមានវត្តមានរបស់មហាសេដ្ឋី Jeff Bezos និងប្អូនប្រុស Mark Bezos រួមនឹងអ្នកត្រួសត្រាយផ្លូវអាកាស Wally Funk វ័យ 82 ឆ្នាំផងដែរ។ ដូច្នេះ ជើងហោះហើរទៅកាន់ទីអវកាសនេះ មានទាំងមនុស្សមានវ័យនៅក្មេងបំផុត និងចាស់បំផុត ដែលមិនធ្លាប់មានពីមុនមក។
តាមផែនការ ដំណើរទេសចរណ៍ទីអវកាសនេះ នឹងប្រើពេល 10 នាទី ក្នុងនោះ អតិថិជន មាន 4 នាទី ដើម្បី «គយគន់ទេសភាពអវកាស» នៅតាម «ដងផ្លូវ» Karman ជាលំហអាកាសដែលខណ្ឌចែករវាងបរិយាកាសផែនដី និងទីអវកាស៕
ប្រភព៖ Space
ប្រែសម្រួល៖ បុត្រា