រុស្ស៊ី៖ វីដេអូខ្លីមួយ ថតបានសកម្មភាពដ៏សែនរន្ធត់ ស្ដីពីនារី 2 នាក់ កំពុងលេងយោលទោង ក៏ស្រាប់តែធ្លាក់ពីភ្នំដែលមានកម្ពស់ជាង 1,920 ម៉ែត្រ។
ហេតុការណ៍រន្ធត់នេះ បានកើតឡើងនៅឯទីតាំងលេងយោលទោងដ៏គ្រោះថ្នាក់មួយ នៅលើភ្នំ Sulak របស់សាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ី។ ក្នុងវីដេអូ គេឃើញនារីវ័យក្មេង 2 នាក់ អង្គុយលើទោងដែលត្រូវគេយោលទៅ-មក លើចង្កេះភ្នំដែលមានកម្ពស់ 1,920 ម៉ែត្រ។ ល្បែងកំសាន្តនេះគឺជាសកម្មភាពដែលក្រុមអ្នកទេសចរណ៍ចូលចិត្តជាខ្លាំង នៅពេលបានមកដល់ទីនេះ។
វីដេអូបានបង្ហាញថា នៅពេលទោងកំពុងត្រូវគេយោលទៅមុខ ក៏ស្រាប់តែខ្សែម្ខាងរបស់វា បានដាច់ បណ្ដាលឱ្យនារីទាំង 2 នាក់ដែលនៅលើទោងនេះ ត្រូវខ្ទាតចេញ និងធ្លាក់ចុះក្រោម។ ប៉ុន្តែ សំណាងល្អ ពួកនាងបានទើរជាប់នឹងផ្ទាំងថ្ម ហើយក៏បានរួចពីការស្លាប់ ដោយគ្រាន់តែរងរបួសតិចតួច។
នាយកដ្ឋានទេសចរណ៍ Dagestan បានឱ្យដឹងថា ទោងជាច្រើននៅលើភ្នំ «មិនមានស្ដង់ដាត្រឹមត្រូវ» ខណៈប៉ូលិស កំពុងបើកការស៊ើបអង្កេតលើកម្រិតនៃសុវត្ថិភាពរបស់ទោងទាំងនេះ៕
ប្រភព៖ Mail
ប្រែសម្រួល៖ បុត្រា