មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីរូបស្អាតអមតៈ សុគន្ធ និសា តែងតែបង្ហោះនូវសារប្លែកៗ នៅលើផេចហ្វេសប៊ុករបស់នាងដែលធ្វើឱ្យអ្នកគាំទ្រ និងមជ្ឈដ្ឋានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នកខ្លះគិតក្នុងចិត្តថា តារាស្រីរូបនេះកំពុងខូចចិត្តជាទម្ងន់ ខណៈអតីតមិត្តប្រុសបានភ្ជាប់ពាក្យមុននាង។
គួររំឭកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍ក្រោយកវី សុខ ជំនោរ ភ្ជាប់ពាក្យរួច កញ្ញា សុគន្ធ និសា បានសរសេរនៅលើ Facebook Page ទួញសោកថា «ឈឺប៉ុន្មានថ្ងៃហើយមិនទាន់ជាទេ តែជារឿងធម្មតា បើមិនឆាប់ព្យាបាល ឈឺកាន់តែយូរ ទម្រាំបានជាក៏ដល់ពេលឈឺម្តងទៀត ជីវិតទៅមុខមិនដឹងត្រូវឈឺប៉ុន្មានដងទៀត ផ្លូវដើរទៅមុខមិនដឹងត្រូវដួលប៉ុន្មានដងទៀត បើនៅតម្អក់មិនឆាប់ព្យាបាល ជីវិតនេះស្គាល់តែពាក្យថាឈឺគឺជាជីវិតឈឺ បើដួលមិនងាយក្រោកគឺជាដំណើរជីវិតដែលដួល ហើយដើរមិនទៅមុខ»។
រហូតដល់ថ្មីៗនេះ នាងបានចេញសារទួញសោកពីជីវិតឯកជនរបស់នាងថែមទៀតថា «សុភមង្គលគឺជាជោគជ័យមួយនៅក្នុងជីវិត តែជីវិតជោគជ័យមិនប្រាកដថាមានសុភមង្គលទេ ចេះបោះដៃទៅរកអ្វីដែលជាអត្ថន័យពិតនៃជីវិត ព្រោះដៃរបស់យើងគឺជាអ្នកសម្រេចថា ជីវិតនេះគួរឱបទុក្ខ ឬសុខ បោះបង់ទុក្ខ ឬសុខ បើទោះជាពេលខ្លះរបស់ដែលផ្តល់ក្តីសុខនៅពេលនេះនឹងប្តូរជាក្តីទុក្ខនៅពេលក្រោយ ក៏មិនសំខាន់ដែរ សំខាន់គឺបច្ចុប្បន្នយើងបានឱបក្តីសុខឱ្យខ្លួនឯងហើយ បើថ្ងៃក្រោយវាផ្លាស់ប្តូរ ចាំយកការគិតនៅថ្ងៃនេះទៅពិចារណានៅថ្ងៃក្រោយនោះម្តងទៀត ថាគួរឱបបន្ត ឬលែងវាចោល»។
គួរបញ្ជាក់ផងដែរថា សារប្លែកៗរបស់ សុគន្ធ និសា ចេញនៅលើ Facebook Page ដែលចេះតែមានជាបន្តបន្ទាប់នេះ នៅតែធ្វើឱ្យមហាជនគិតថា នាងមិនដាច់អាល័យពីកវីនោះឡើយ បើទោះបីជាមានប្រភពច្បាស់ការមួយអះអាងថា នាងលែងនឹកនាហើយក្ដី៕