លោកយាយ បានស្លៀកឈុតកូនក្រមុំជាលើកដំបូង ក្រោយគេងស្រមៃអស់ 70ឆ្នាំ ព្រោះតែការរើសអើងជាតិសាសន៍ពណ៌សម្បុរ កាលពីអតីតកាល ធ្វើឱ្យមិនបានស្លៀកឈុតអាពាហ៍ពិពាហ៍ ដូចដែលខ្លួននឹកសង្ឃឹម។
ការបានគ្រងឈុតកូនក្រមុំ ក្នុងថ្ងៃរៀបការ គឺជាក្ដីស្រមៃដ៏ធំធេងរបស់នារីគ្រប់រូប រួមទាំងក្ដីស្រមៃរបស់ “ម៉ាថា មែ អូហ្វ៊ីលៀ មូន ថាក់ឃើរ” លោកយាយស្បែកខ្មៅ អាយុ 94ឆ្នាំ មកពីរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិកផងដែរ តែគួរឱ្យសោកសៅបំផុត ដែលនៅថ្ងៃត្រូវរៀបការ លោកយាយបែរជាត្រូវបានអាជ្ញាធររារាំង រើសអើងមិនឱ្យគ្រងឈុតកូនក្រមុំ ដូចដែលខ្លួនឯងនឹកសង្ឃឹមបាន។
លោកយាយ ថាក់ឃើរ រៀបការជាមួយស្វាមី ក្នុងឆ្នាំ1952 ដែលក្នុងអំឡុងពេលនោះ មានការបែងចែកពណ៌សម្បុរ និងរើសអើងជាតិសាសន៍យ៉ាងខ្លាំងក្លា ទើបធ្វើឱ្យស្ត្រីស្បែកខ្មៅ មិនបានទទួលការអនុញ្ញាត ឱ្យចូលហាង ដើម្បីជួលសម្លៀកបំពាក់ឈុតអាពាហ៍ពិពាហ៍បានឡើយ ដោយហេតុនេះហើយ ទើបលោកយាយត្រូវស្លៀកឈុតផ្សេង ដែលមានពណ៌ខៀវចាស់ ដើម្បីចូលពិធីមង្គលការរបស់ខ្លួនជំនួសវិញ។
ទោះជាពេលវេលា កន្លងផុតទៅជិត 70ឆ្នាំហើយក្ដី តែលោកយាយ ថាក់ឃើរ នៅតែនឹកស្រមៃ ចង់គ្រងឈុតកូនក្រមុំជានិច្ច ហើយថ្ងៃមួយ នៅពេលដែលលោកយាយអង្គុយទស្សនាឈុតឆាករៀបការនៅក្នុងខ្សែភាពយន្តរឿង “Coming to America” ជាមួយ “អ៊ែងជើឡា ស្ត្រូសៀរ” ដែលជាចៅស្រី លោកយាយក៏ខ្សិបប្រាប់នាងថា ចង់សាកល្បងស្លៀកឈុតកូនក្រមុំ ដូចនៅក្នុងកុនឱ្យបានម្ដង។
ក្រោយពីបានឮសេចក្ដីប្រាថ្នារបស់លោកយាយហើយ ស្ត្រូសៀរ ក៏សម្រេចចិត្តធ្វើឱ្យលោកយាយថាក់ឃើរ ភ្ញាក់ផ្អើល ដោយការណាត់លោកយាយទៅហាងជួលឈុតអាពាហ៍ពិពាហ៍ ហើយមិនត្រឹមតែប៉ុនហ្នឹងទេ នាងថែមទាំងជួលជាងតុបតែងមុខ មកជួយបន្ថែមភាពស្រស់ស្អាតជូនលោកយាយទៀតផង។
នៅទីបំផុត ថ្ងៃដែលទន្ទឹងរង់ចាំ ក៏មកដល់ នៅពេលដែលលោកយាយ បានសាកល្បងស្លៀកឈុតកូនក្រមុំពណ៌សដូចក្ដីបំណង…ភ្លាមៗនោះ នៅពេលដែលលោកយាយ បានឃើញខ្លួនឯងនៅក្នុងកញ្ចក់ ក៏ញញឹមឡើងយ៉ាងស្រស់ និងឈរថតរូបយ៉ាងមានសេចក្ដីសុខ ធ្វើឱ្យមនុស្សម្នា ដែលនៅជុំវិញទីនោះ រំភើបចិត្ត រលីងរលោងទឹកភ្នែកគ្រប់ៗគ្នា។
“អ្នកទាំងអស់គ្នា ដឹងទេ? ខ្ញុំមិនអាចបង្ហាញចេញមកទាំងអស់បានថា តើវាពិសេសប៉ុនណាឡើយ តែវាវិសេសខ្លាំងណាស់! ខ្ញុំមានអារម្មណ៍ថា ដូចខ្លួនឯងកំពុងជិតបានរៀបការអ៊ីចឹង ខ្ញុំមិនចង់ដោះឈុតហ្នឹងចេញវិញសោះ”៕
ប្រភព៖ timesnownews, Facebook
រៀបរៀងដោយអ្នកគ្រូ ស.សមចិន្ដា