ដោយសារប្រឈមនឹងការស្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ-19 រដ្ឋាភិបាលជប៉ុន ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ បានសម្រេចចិត្តកាលពីចុងសប្តាហ៍កន្លងទៅ ដោយបានប្រកាសដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នសាជាថ្មី ក្នុងអំឡុងពេលនៃការប្រកួតកីឡាអូឡាំពិកតែម្តង។
ព្រឹត្តិការណ៍មហាកីឡាអូឡាំពិក ឆ្នាំ2020 ដែលត្រូវបានលើកមកធ្វើនៅឆ្នាំ2021 ចាប់ពីថ្ងៃទី23 ខែកក្កដា រហូតដល់ថ្ងៃទី8 សីហា ឆ្នាំ2021នេះ នឹងត្រូវស្វាគមន៍អត្តពលិកច្រើនជាង 1ម៉ឺននាក់ ដោយមានវិញ្ញាសាប្រកួតដល់ទៅ 339វិញ្ញាសា ក្នុងប្រភេទកីឡាករទាំង33 ដែលត្រូវដាក់ឱ្យប្រកួត។
ការដាក់ទីក្រុង ក្នុងភាពអាសន្នជាថ្មីម្ដងទៀតរបស់ជប៉ុនលើកនេះ ថ្វីបើមិនតឹងតែងខ្លាំងដូចបណ្តាប្រទេសដទៃ នៅលើពិភពលោក ដោយមានត្រឹមតែការណែនាំ ឱ្យហាងលក់នានា ត្រូវឆាប់បិទការបម្រើសេវាកម្មក្ដី ប៉ុន្តែគណៈកម្មការរៀបចំកម្មវិធីប្រកកួតកីឡាអូឡាំពិក ត្រូវប្រឈមមុខនឹងការលំបាកមួយទៀត ដោយការប្រកួតត្រូវប្រព្រឹត្តដោយការបិទទ្វារ គ្មានទស្សនិកជនឱ្យចូលរួមឡើយ មិនមែនឱ្យចូលពាក់កណ្តាល ដូចសេចក្តីសម្រេចកាលពីខែមិថុនា ឆ្នាំ2021នោះទេ៕