ក្លិបមាន់ខ្នាយមាស Tottenham បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Fernando Llorente របស់ក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល2ឆ្នាំ ក្នុងតម្លៃខ្លួនបិទជិតមួយ។
ការផ្ទេរនេះបានកើតឡើង ក្រោយពីក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានស្ថិតយ៉ាងប្រកៀកក្នុងការនាំយកខ្សែប្រយុទ្ធវ័យ32ឆ្នាំរូបនេះ ក្នុងតម្លៃខ្លួន15លានផោន (ស្មើនឹង19.4លានដុល្លារអាមេរិក) ក្រោយពីរូបគេធ្លាប់បានលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Antonio Conte នៅឯក្លិប Juventus រួចមកហើយ។
ប៉ុន្តែ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានជ្រើសរើសយកការចូលរួមជាមួយ Spurs ជំនួសវិញ ដើម្បីក្លាយជាកីឡាករចំណូលថ្មីទី5របស់ក្លិបនេះ។ Llorente បានចូលរួមជាមួយនឹងក្លិប Swansea កាលពីខែសីហា ឆ្នាំ2016 និងបានស៊ុតបាល់បញ្ចូលទីសរុប 15គ្រាប់ ខណៈដែលក្លិបនេះបានគេចផុតពីការកាត់ចេញកាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធរូបរាងខ្ពស់រូបនេះ បានចំណាយពេល9រដូវកាលជាមួយនឹងក្លិប Athletic Bilbao មុនពេលមកលេងនៅឯក្លិប Juventus 2ឆ្នាំ និងបន្ទាប់មកទៅក្លិប Sevilla រយៈពេលមួយឆ្នាំ។
រូបគេបានស៊ុតបាល់បញ្ចូលទី7គ្រាប់ក្នុងការបង្ហាញខ្លួន24លើកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ហើយក៏បានឈ្នះពាន World Cup ឆ្នាំ2010 ជាមួយនឹងពួកគេផងដែរ។
ការផ្ទេរ Llorente ទៅកាន់ Spurs ក្រោយពីក្លិបមានខ្នាយមាសមួយនេះបានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Serge Aurier ពីក្លិប Paris St-Germain ក្នុងតម្លៃខ្លួន 23លានផោន នៅថ្ងៃចុងក្រោយនៃការបិទទីផ្សារដោះដូរកីឡាករ៕
ប្រភពព័ត៌មាន៖ BBC