មហាសេដ្ឋី Richard Branson សហស្ថាបនិកនៃក្រុមហ៊ុនអវកាស Virgin Galactic ទើបតែទទួលបានជោគជ័យក្នុងការហោះហើរទៅកាន់ទីអវកាសជាលើកដំបូង ដែលនេះត្រូវបានគេចាត់ទុកថាជា ការបើកផ្លូវសម្រាប់ការរីកចម្រើនរបស់វិស័យទេសចរណ៍អវកាស។
ក្រោយការធ្វើដំណើរប្រហែល 1 ម៉ោង ជើងហោះហើរដែលដឹកមហាសេដ្ឋី Richard Branson បានចុះចតដោយសុវត្ថិភាព នៅលើព្រលានយន្តហោះនៅ New Mexico សហរដ្ឋអាមេរិក។ ជើងហោះហើរនេះក៏មានមនុស្សយ៉ាងច្រើនតាមដាន ទាំងនៅលើអ៊ីនធឺណិត ទាំងនៅលើដីផ្ទាល់។
នៅលើកម្ពស់ប្រហែល 14 គម យានអវកាសបានផ្ដាច់ខ្លួន ហើយរ៉ុក្កែតក៏ត្រូវបានបញ្ឆេះ ដើម្បីនាំក្រុមអវកាសចរ ឡើងទៅកាន់កម្ពស់ 85.9 គម និងបានស្ថិតនៅក្នុងស្ថានភាពគ្មានទម្ងន់ជាច្រើននាទី មុននឹងវិលត្រលប់មកកាន់ផែនដី។ ក្រោយការចុះចតភ្លាម មហាសេដ្ឋី Richard Branson បានប្រាប់ថា នេះគឺជា «បទពិសោធន៍គ្មានពីរ»។
ការហោះហើរខាងលើនេះ គឺជា ជើងហោះហើរសាកល្បងចុងក្រោយមួយ របស់ Virgin Galactic មុនពេលបើកដំណើរការសេវាកម្មទេសចរណ៍អវកាស ក្នុងឆ្នាំ 2022។ ក្រៅពីមហាសេដ្ឋី Richard Branson ដំណើរទេសចរណ៍អវកាសនេះ ក៏មានបុគ្គលិករបស់ Virgin Galactic ចំនួន 3 រូប នៅក្នុងបន្ទប់អវកាសចរ ដើម្បីវាយតម្លៃលើបទពិសោធន៍ និងអ្នកបើកបរចំនួន 2 នាក់ នៅក្នុងបន្ទប់បើកបរ។
នេះគឺជាបេសកកម្មសំខាន់ នៅក្នុងមហិច្ឆតាធ្វើពាណិជ្ជកម្មលើវិស័យទេសចរណ៍អវកាស របស់ក្រុមហ៊ុន Virgin Galactic ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2004។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ លក់សំបុត្របានប្រហែល 600 សំបុត្រ ដល់អតិថិជនដែលបានបញ្ជាទិញជាមុន ក្នុងតម្លៃប្រមាណ 250,000 ដុល្លារ ក្នុង 1 សំបុត្រ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា