ក្នុងពេលបច្ចុប្បន្ននេះ ការធ្វើដំណើរនាសម័យថ្មីមានថ្លៃចាយវាយតិចជាងកាលពីសម័យមុនច្រើន តែទោះជាយ៉ាងនោះមែន ក៏មិនមែនមានន័យថា ការធ្វើដំណើរទេសចេណ៍ទាំងអស់នឹងមានតម្លៃថោកជានិច្ចនោះដែរ តែវាស្ថិតលើការរៀបផែនការលើការចាយវាយរបស់លោកអ្នក រួមទាំងផែនការធ្វើដំណើរឱ្យបានល្អទៅវិញទេ ដែលជាអ្នកជួយសន្សំសំចៃថ្លៃចាយវាយក្នុងដំណើរទេសចរណ៍របស់លោកអ្នកនោះ។
ខាងក្រោមនេះគឺបណ្តាទីក្រុងដែលមានថ្លៃចាយវាយថោកបំផុតក្នុងការធ្វើដំណើរកម្សាន្តសម្រាប់អ្នកទេសចរដែលចូលចិត្តសន្សំសំចៃ៖
1/ ទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ
ក្រៅពីការធ្វើដំណើរដែលហាក់ដូចជាងាយស្រួល និងនៅជាប់នឹងប្រទេសយើងហើយនោះ ហ្លួងព្រះបាង ទីក្រុងចម្បងមួយរបស់ប្រទេសឡាវនៅមានថ្លៃចាយវាយដែលថោកលើការហូបចុក និងដើរលេងកម្សាន្តទៀតផង។ ដោយតម្លៃរបស់អាហារក្នុងមួយពេលៗគិតជាមធ្យមប្រមាណជា2ដុល្លារអាមេរិក ឬប្រហែលជា8,200រៀលប៉ុណ្ណោះ និងថ្លៃចាយវាយក្នុងការធ្វើដំណើរដោយរថយន្តក្រុងសាធារណៈវិញ គឺប្រមាណជា0.25ដុល្លារអាមេរិក ឬប្រហែលជា1,000រៀលលុយខ្មែរប៉ុណ្ណោះ។
2/ ទីក្រុងខៃរ៉ូ ប្រទេសអេហ្ស៊ីប
ទោះជាប្រទេសអេហ្ស៊ីបត្រូវរងទុក្ខបុកម្នេញដោយវិបត្តិនយោបាយ និងគ្រោះភ័យក្នុងរូបបែបផ្សេងៗក៏ដោយ ក៏មិនបានធ្វើឱ្យអ្នកទេសចរគេចចៀសពីការធ្វើដំណើរទៅទស្សនាប្រាសាទពីរ៉ាមីដដែរ។ ជាពិសេសថ្លៃចាយវាយក្នុងការហូបចុកស្ថិតជាមធ្យមក្នុងអាហារមួយពេលត្រឹមតែ3.42ដុល្លារ ឬប្រហែលនឹង14,000រៀលប៉ុណ្ណោះ។ សម្រាប់ទេសចរណ៍មួយកំណាត់ថ្ងៃដែលនឹងនាំលោកអ្នកទៅទស្សនាប្រាសាទពីរ៉ាមីដវិញគឺមានតម្លៃចាប់ផ្តើមត្រឹមតែ 23ដុល្លារអាមេរិក ឬប្រមាណជា93,000 រៀលហ្នឹងឯង។
3/ ទីក្រុងហាណូយ ប្រទេសវៀតណាម ប៉ែកខាងជើង
ជាប្រទេសមួយទៀតដែលស្ថិតនៅជាប់នឹងប្រទេសកម្ពុជាយើង អាចធ្វើដំណើរទៅដល់តាមរយៈរថយន្តក្រុងបាន។ ប្រទេសវៀតណាមប៉ែកខាងជើងមានទេសភាពជួរភ្នំដ៏លេចធ្លោ និងស្រស់ស្អាតជាច្រើន។ ចំណែកឯតម្លៃទីកន្លែងស្នាក់នៅឯកជនដែលជាសណ្ឋាគារមានតម្លៃត្រឹមតែពី10-15ដុល្លារអាមេរិក ឬប្រមាណជា41,000-62,000រៀលប៉ុណ្ណោះក្នុងមួយយប់ និងនៅតាមផ្ទះសំណាក់វិញមានតម្លៃ 5ដុល្លារអាមេរិក ឬស្មើនឹង 20,500រៀលប៉ុណ្ណឹងឯង។
4/ ទីក្រុងលីសបោន ប្រទេសព័រទុយហ្កាល់
ទោះជាប្រទេសព័រទុយហ្កាល់ជាផ្នែកមួយរបស់ទ្វីបអឺរ៉ុបក៏ដោយ តែលីសបោនអាចរាប់បានថា ជាទីក្រុងមួយដែលមានថ្លៃចាយវាយហាក់ដូចជាថោកណាស់ បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុប ហើយថែមទាំងជាទីក្រុងដែលមានប្រវត្តិសាស្ត្រ និងមណ្ឌលទេសចរណ៍ល្អៗជាច្រើន មិនខុសពីទីក្រុងល្បីៗក្នុងទ្វីបអឺរ៉ុប ដូចជា ប៉ារីស ឬមីឡានប៉ុន្មានឡើយ។ រីឯតម្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារបែបសន្សំសំចៃមានចាប់ផ្តើមពីតម្លៃ 30ដុល្លារ ឬប្រហែលជាង120,000រៀលប៉ុណ្ណោះក្នុងមួយយប់។
5/ ទីក្រុងតៃប៉ិ កោះតៃវ៉ាន់
បន្ទាប់ពីប្រទេសតៃវ៉ាន់ប្រកាសលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់អ្នកធ្វើដំណើរកម្ពុជាហើយនោះ ប្រាកដណាស់ទីក្រុងតៃប៉ិបានក្លាយជាកន្លែងមួយនៃទីកន្លែងជាច្រើនទៀតដែលអ្នកទេសចរបែបសន្សំសំចៃទាំងឡាយត្រូវការទៅដើរលេងកម្សាន្ត។ តម្លៃក្នុងការហូបចុកបីពេលរួមគ្នាគិតជាប្រាក់ដុល្លារគឺត្រឹមតែ 9.20 ឬប្រមាណជាជិត40,000រៀលប៉ុណ្ណោះ និងទីកន្លែងស្នាក់នៅភាគច្រើនមានថែមអាហារពេលព្រឹកឱ្យស្ទើរតែទាំងអស់ ធ្វើឱ្យលោកអ្នកបានសន្សំសំចៃថ្លៃចាយវាយបានច្រើនឡើងទៀតផង៕