សម្រាប់គ្រួសារដែលមានកូន 3នាក់ឡើងទៅ តើធ្លាប់សង្កេតឬទេថា កូនកណ្តាលច្រើនតែជាមនុស្សដែលមានភាពរឹងប៉ឹង និងមាំមួនជាងគេបំផុត ដោយអាចចាត់ការ និងកែបញ្ហាចំពោះមុខផ្សេងៗបានយ៉ាងល្អ តើរឿងហ្នឹងបណ្តាលមកពីអ្វីទៅ? ថ្ងៃនេះ ឡារ៉ែន នឹងនាំអាណាព្យាបាលទាំងអស់ទៅមើលចម្លើយដែលពាក់ព័ន្ធនឹងរឿងនេះទាំងអស់គ្នា។
ចេះចែករំលែកជានិច្ចការដែលកូនកណ្តាលត្រូវចេះចែករំលែករបស់លេង ឬសម្លៀកបំពាក់ដែលបានមកពីបងទៅឱ្យប្អូន ហើយថែមទាំងរូបគេសឹងតែមិនមានអ្វីជារបស់ខ្លួនឯងទៀតផងនោះ ធ្វើឱ្យគេមិនប្រកាន់ខ្ជាប់លើវត្ថុរបស់របរខ្លាំងនោះទេ បានមកហើយក៏ចែករំលែកទៅវិញ ទើបយើងច្រើនតែបានឃើញថា កូនកណ្តាលគ្មាននិស្ស័យហួងហែងរបស់របរខ្លួនឯងនោះឡើយ ហើយថែមទាំងចូលចិត្តចែករំលែក និងមានទឹកចិត្តល្អទៀតផង។ នេះអាចនិយាយបានថា ជាការសាងទម្លាប់និស្ស័យមួយដែលល្អខ្លាំងបំផុត។
ចេះធ្វើអ្វីដោយខ្លួនឯងជានិច្ចឪពុកម្តាយភាគច្រើនច្រើនតែយកចិត្តកូនបង និងលួងកូនប្អូនខ្លាំងជាងដោយមិនបានដឹងខ្លួនឡើយ ទើបធ្វើឱ្យកូនកណ្តាលត្រូវព្យាយាមធ្វើអ្វីដោយខ្លួនឯងជានិច្ច រឿងនេះហើយដែលធ្វើឱ្យគេអាចរៀនយល់ដឹង និងរស់នៅដោយការពឹងលើខ្លួនឯងបានយ៉ាងមានសេចក្តីសុខ ដែលនៅពេលធំឡើង ក៏នឹងធ្វើឱ្យរូបគេក្លាយជាមនុស្សដែលរឹងប៉ឹង និងរស់នៅក្នុងសង្គមបានយ៉ាងគ្មានបញ្ហាអ្វីឡើយ។
ជាអ្នកហាមសង្គ្រាមនៅពេលកើតការឈ្លោះទាស់ទែងគ្នានៅពេលកើតមានការឈ្លោះគ្នាឡើងរវាងកូនបង និងកូនប្អូន កូនកណ្តាលច្រើនតែធ្វើជាអ្នកនៅចាំហាម និងបញ្ឈប់ការឈ្លោះគ្នានោះជានិច្ច ទើបធ្វើឱ្យគេរៀនយល់ដឹងក្នុងការសម្របខ្លួននៅពេលកើតហេតុការណ៍ឈ្លោះទាស់ទែងគ្នាឡើង និងមានជំនាញក្នុងការនិយាយដែលល្អៗដើម្បីបញ្ឈប់បញ្ហាដែលកំពុងកើតឡើងចំពោះមុខទៀតផង។
ធ្វើអ្វីក៏ត្រូវមើលឃើញថាមិនល្អដែរកូនកណ្តាល មិនថាធ្វើអ្វីក៏ដោយ ក៏ច្រើនតែត្រូវបានមើលឃើញថា មិនល្អជាប់ជានិច្ច ឬគ្រាន់តែធ្វើអ្វីខុសតែបន្តិច ក៏អាចត្រូវមើលឃើញថា ជាក្មេងមានបញ្ហាតែម្តង ហើយរឿងទាំងនេះឯងដែលធ្វើឱ្យគេកើតសេចក្តីត្រូវការក្នុងការរឹងប៉ឹងឡើង ធ្វើអ្វីក៏តែងតែប្រយ័ត្នប្រយែង និងហ្មត់ចត់បំផុត ព្រោះមិនចង់ត្រូវឪពុកម្តាយស្តីបន្ទោសហ្នឹងឯង ដែលវាហុចផលឱ្យរូបគេក្លាយជាក្មេងដែលមានហេតុផល និងមានភាពរឹងប៉ឹងយ៉ាងខ្លាំង។
មិនសូវជាត្រូវបានសរសើរប៉ុន្មានឡើយបើសិនជាសាកល្បងសង្កេតមើល ក៏នឹងឃើញថា ភាគច្រើនកូនកណ្តាលនឹងមិនសូវត្រូវបានកោតសរសើរប៉ុន្មានឡើយ ធ្វើឱ្យគេមិនភ្លើតភ្លើនជាមួយនឹងពាក្យកោតសរសើរ និងចេះក្នុងការសាងនូវគុណតម្លៃឱ្យខ្លួនឯងតាំងពីក្មេង ទើបគេអាចធំធាត់ឡើងក្លាយជាមនុស្សដែលទទួលបានភាពជោគជ័យក្នុងជីវិតច្រើនបំផុត និងមានភាពរឹងប៉ឹងខ្លាំងទៀតផង។
ឥឡូវនេះល្មមនឹងយល់ហើយមែនទេថា តើហេតុអីបានជាកូនកណ្តាលច្រើនតែជាមនុស្សដែលមានភាពរឹងប៉ឹង និងមាំមួនបំផុតនោះ តែយ៉ាងណាក៏ដោយ លោកឪពុក និងអ្នកម្តាយគួរតែផ្តល់នូវការយកចិត្តទុកដាក់ចំពោះគេឱ្យបានច្រើន និងស្មើៗគ្នាផង ដើម្បីការពារកុំឱ្យកើតមានក្តីច្រណែនឡើងនៅក្នុងចំណោមបងប្អូន៕