កាលពីថ្ងៃទី7 កក្កដា CNN និង sora news24 បានរាយការណ៍ថា អ្នកទីក្រុងតូក្យូ បាននាំគ្នាភ្ញាក់ផ្អើលនឹងរូបភាពសត្វឆ្មា3D ដ៏ធំមួយ ដែលបង្ហាញខ្លួនឡើងនៅក្នុងផ្ទាំងផ្សាយពាណិជ្ជកម្ម នៃអេក្រង់ LED កណ្ដាលផ្លូវបំបែកជា4 ឈិនជូគុ មជ្ឈមណ្ឌលសបភីង កណ្ដាលទីក្រុងតូក្យូ នៃប្រទេសជប៉ុន ទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សម្នាដែលធ្វើដំណើរទៅមក និងក្នុងពិភពអនឡាញ តាំងពីមិនទាន់ដល់ថ្ងៃបើកបង្ហាញខ្លួនជាផ្លូវការទៅទៀត។
Cross Shinjuku Vision អ្នកផលិតរូបភាពសត្វឆ្មាយក្ស ធ្វើជាតារាណែនាំផលិតផលនេះ គឺដើម្បីប្រូម៉ូតពីទីតាំងដាក់ឱ្យជួលផ្ទាំងផ្សាយពាណិជ្ជកម្ម ដែលជាអេក្រង់ LED ដែលមានភាពកោង ទំហំ 154ម៉ែត្រការ៉េ ប្រដាប់បំពងសំឡេងគុណភាពខ្ពស់ រូបភាពច្បាស់កម្រិត 4K ដែលផ្ដល់រូបភាពច្បាស់ដូចរបស់ពិត បង្ហាញពីរូបភាពសត្វឆ្មា ដើរលេងទៅមក នៅពីលើទីក្រុងតូក្យូ និងស្រែកយំម៉េវ។
រូបភាពសត្វឆ្មា សម្លឹងមើលចុះមកខាងក្រោម ហាក់ដូចជាវា ប្រុងលោតចុះមកគ្រប់ពេលវេលា ជារូបភាពវីដេអូ3D ដែលទាំងគួរឱ្យស្រឡាញ់ និងគួរឱ្យខ្លាចប៉ុនៗគ្នា ជាពិសេស នៅពេលដែលសត្វឆ្មាដ៏ប៉ឹនឆ្ងល់នោះ សម្លឹងចំមុខយើង។
វីដេអូ នឹងចាប់បញ្ចាំងចន្លោះពីម៉ោង 7.00នាទី ដល់ម៉ោង 1.00នាទី ដោយបង្ហាញរូបភាពសត្វឆ្មា បញ្ចេញកាយវិការក្នុងឥរិយាបថផ្សេងៗពេញ 1ថ្ងៃ ចាប់ផ្ដើមតាំងពីពេលភ្ញាក់ពីដេក ដោយនៅពេលព្រឹក និងពេលរសៀល សត្វឆ្មាក្រោកឈរឡើង និងបញ្ចេញសំឡេងម៉េវៗទៅកាន់មនុស្សម្នាដែលដើរទៅដើរមក លុះដល់ពេលព្រលប់ សត្វឆ្មានឹងទម្លាក់ខ្លួនដេកវិញ ក្នុងឥរិយាបថយកក្បាលកើយបាតជើង។
ទោះជាការឃោសនាផ្សាយពាណិជ្ជកម្មសត្វឆ្មាយក្សនេះ មិនទាន់បង្ហាញខ្លួនជាផ្លូវការ រហូតទាល់តែដល់ថ្ងៃទី12 កក្កដាខាងមុខក្ដី តែមានការសាកល្បងផ្សព្វផ្សាយតាមរលកធាតុអាកាសតាំងពីខែកន្លងមករួចទៅហើយ ធ្វើឱ្យសត្វឆ្មាឈិនជូគុ រាយមន្តស្នេហ៍ រហូតល្បីល្បាញនៅក្នុងបណ្ដាញសង្គមអនឡាញ រហូតដល់អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាបញ្ចេញយោបល់ថា គួរឱ្យស្រឡាញ់ និងកំពុងភ្ញាក់ផ្អើលរំភើបញាប់ញ័រចំពោះតិចណូឡូជីថ្មីមួយនេះ៕