រលកសមុទ្រដែលមានរូបរាងដូចទៅនឹងមុខមាត់របស់អាទិទេពសមុទ្រ Neptune នៅក្នុងទេវកថា រ៉ូម៉ាំង បានបង្ហាញខ្លួន នៅពេលព្យុះមួយ កំពុងបោកបក់ទៅលើឆ្នេរសមុទ្រស្រុក Sussex ខាងកើត នៃចក្រភពអង់គ្លេស។
អ្នកថតរូប Jeff Overs របស់ទីភ្នាក់ងារសារព័ត៌មាន BBC ថតបានរូបភាពនេះ នៅឯកំពង់ផែ Newhaven កាលពីថ្ងៃទី 6 ខែកក្កដា នៅពេលដែលរលកធំៗ បង្កឡើងដោយព្យុះ កំពុងបោកខ្ទប់ទៅលើទំនប់ឃាំងរលកសមុទ្រ។ រូបភាពនេះ ត្រូវបានថតនៅពេលទឹកសមុទ្រជោរឡើងខ្ពស់ និងខ្យល់មានល្បឿនជាង 80គម/ម៉ោង។
«ទីនេះ បានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់ជាងថតរូប ព្រោះតែសមុទ្រមានខ្យល់ខ្លាំង និងរលកធំៗ បោកខ្ទប់ទំនប់ស្កាត់រលក» Overs រៀបរាប់។ «រលក លាយឡំនឹងខ្យល់ខ្លាំង បោកខ្ទប់ចូលច្រាំង បង្កើតបានជារូបភាពស្រដៀងនឹងមុខមាត់ផ្សេងៗ យ៉ាងចម្លែក»។
ការមើលឃើញមុខមាត់របស់អាទិទេពសមុទ្រ Neptune (អាទិទេព Poseidon នៅក្នុងទេវកថា របស់ ក្រិក) គឺជាឧទាហរណ៍ជាក់ស្ដែងអំពី pareidolia ដែលជារោគសញ្ញានៃការខ្លាចមួយប្រភេទរបស់ផ្លូវចិត្ត ទាក់ទិននឹងមុខមាត់នានា បណ្ដាលឱ្យមនុស្សមើលឃើញរូបភាពចៃដន្យមួយចំនួនថាជា រូបភាពផ្សេងៗ តាមការស្រមើស្រមៃ។
អ្នកថតរូបខាងលើនេះ បានអះអាងថា៖ «នោះគឺជារូបភាពដែលថតត្រង់ពីមុខ ហើយខ្ញុំក៏មិនបានកែរូបថតនេះសោះឡើយ»៕
ប្រភព៖ BBC
ប្រែសម្រួល៖ បុត្រា