លោក Steve Ballmer បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុបចំនួន 100.5 ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេលំដាប់ទី 9 នៅក្នុងពិភពលោក។
Steve Ballmer ដែលជាអតីត CEO របស់ក្រុមហ៊ុន Microsoft ទើបតែបានក្លាយជាមហាសេដ្ឋីទី 9 ដែលមានឈ្មោះនៅក្នុងក្លឹបមហាសេដ្ឋីដែលមានទ្រព្យ ខ្ទង់ 100,000,000,000 ដុល្លារអាមេរិក។ យោងតាម Bloomberg Billionaires Index លោក Ballmer បច្ចុប្បន្ន មានទ្រព្យសរុបចំនួន 100.5 ពាន់លានដុល្លារអាមេរិក តិចជាង 1 ពាន់លានដុល្លារ បើធៀបនឹងអ្នកមានជាងគេលំដាប់ទី 8 លោក Warren Buffett។
លោក Steve Ballmer បានចូលធ្វើការឱ្យក្រុមហ៊ុន Microsoft ចាប់ពីឆ្នាំ 1980 និងជាបុគ្គលិកទី 30 របស់ក្រុមហ៊ុននេះ បន្ទាប់ពីត្រូវលោក Bill Gates បញ្ចុះបញ្ចូលឱ្យបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Stanford។ លោក Steve Ballmer ក្រោយមក ក៏ត្រូវបានតែងតាំងជាប្រធាន ហើយបន្ទាប់មកទៀតគឺជា CEO ជំនួសលោក Gates កាលពីឆ្នាំ 2000។ ឆ្នាំ 2014 លោក Steve Ballmer បានចាកចេញពី Microsoft បន្ទាប់ពីបាននៅជាមួយក្រុមហ៊ុននេះអស់រយៈពេលជាង 3 ទសវត្សរ៍។
មហាសេដ្ឋី Steve Ballmer បច្ចុប្បន្នមានអាយុ 65 ឆ្នាំ និងមានក្លឹបបាល់បោះមួយដែលមានឈ្មោះថា Los Angeles Clippers។ តាំងពីដើមឆ្នាំ 2021 មកដល់បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Ballmer បានកើនថែម 20.1ពាន់លានដុល្លារ។
នៅក្នុងចំណោមមហាសេដ្ឋីចំនួន 9 រូប ដែលមានទ្រព្យច្រើនជាង 100,000,000,000 ដុល្លារ គឺមានរហូតដល់ 7 រូប ដែលរកស៊ីមានបានដោយសារវិស័យបច្ចេកវិទ្យា។ ក្នុងនោះ ស្ថាបនិក Amazon លោក Jeff Bezos នៅតែជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ដោយមានទ្រព្យចំនួន 212 ពាន់លានដុល្លារ។
ទន្ទឹមនឹងអតីត CEO របស់ Microsoft មហាសេដ្ឋីបច្ចេកវិទ្យាមួយរូបទៀត ក៏នឹងមានឈ្មោះនៅក្នុងក្លឹបអ្នកមានទ្រព្យច្រើនជាង 100 ពាន់លានដុល្លារ ឆាប់ៗនេះ នោះគឺលោក Larry Ellison។ សហស្ថាបនិករបស់ Oracle រូបនេះ បច្ចុប្បន្នមានទ្រព្យចំនួន 98.6 ពាន់លានដុល្លារ និងជាអ្នកមានជាងគេលំដាប់ទី 10 ក្នុងពិភពលោក៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា