ក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon ឆ្នាំ 2017 ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រុមរ៉ូបូតតំណាងកម្ពុជាបានឈ្នះពានរង្វាន់ចំនួន 2 ពីការប្រកួត ដែលនេះជាមោទនភាពមួយសម្រាប់ប្រទេសយើងលើឆាកអន្តរជាតិ។
លោក ប៉ាង ចំណាន មន្ត្រីសម្របសម្រួលកម្មវិធីប្រកួតរ៉ូបូតកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទថា នេះជាលើកទីមួយហើយដែលកម្ពុជាមានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតអន្តរជាតិ ABU (Asia-Pacific Robot Contest ) ហើយលោកមានមោទនភាពណាស់ដែលក្រុមរ៉ូបូតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានឈ្នះពានរង្វាន់ផ្នែកគំនិត (Best Idea Award) និង Special Award (NOK)ពីកម្មវិធីប្រកួតថ្នាក់អន្ដរជាតិមួយនេះ។
ការប្រកួតនៅប្រទេសជប៉ុននេះមាន 18 ប្រទេសចូលរួម និងមានក្រុមត្រូវប្រកួតគ្នាចំនួន 19 ក្រុម ហើយត្រូវបែងចែកជា 7 ក្រុមធំៗផ្សេងគ្នាដើម្បីប្រកួតជម្រុះដោយមួយក្រុមមាន 3 ប្រទេស ហើយក្រុមខ្លះមាន 2 ប្រទេស។ លើវិញ្ញាសាការបាញ់ថាសជ័រឱ្យទើរលើទីតាំង មានន័យថា រ៉ូបូតនីមួយៗរបស់បេក្ខជនដែលបានចូលរួមត្រូវប្រកួតប្រជែងគ្នាក្នុងការបាញ់ថាសជ័រឱ្យទៅទើរជាប់នៅលើទម្រមួយដែលមានទំហំ និងកម្ពស់ខុសៗគ្នាដើម្បីទទួលបានពិន្ទុ។ ក្នុងការចាប់ក្រុម កម្ពុជាបានប៉ះជាមួយនឹងជប៉ុន និងចិន។ ជាលទ្ធផលយើងបានយកឈ្នះចិន ប៉ុន្ដែចាញ់ជប៉ុន។
លោកថ្លែងថា៖« យើងបានឈ្នះចិន តែមិនអាចទៅរួចជាមួយជប៉ុន អ៊ីចឹងហើយយើងមិនអាចទៅវគ្គបន្ដបាន។ ប៉ុន្តែអ្វីដែលពិសេស ក្រុមយើង គឺបានឈ្នះពាន់រង្វាន់ 1 ពីកម្មវិធីនេះដែលគេឱ្យទៅលើគំនិតច្នៃប្រឌិត និងរង្វាន់មួយទៀតផ្ដល់ដោយក្រុមហ៊ុនចូលរួមឧបត្ថម្ភ»។
សម្រាប់ឆ្នាំ 2017នេះ វៀតណាមដណ្ដើមបានលេខ1 ខណៈលេខ 2 បានទៅលើប្រទេសម៉ាឡេស៊ី ហើយជប៉ុនដែលជាម្ចាស់ផ្ទះនោះបានលេខ 3 ពីការប្រកួតនេះ ។ យ៉ាងណាមិញ ក្រុមរ៉ូបូតរបស់កម្ពុជាធ្វើបានកម្រិតនេះ គឺជាផ្លែផ្កាដ៏ល្អមួយណាស់ទៅហើយ ដើម្បីបន្ដដំណើរទៅធ្វើការប្រកួតនៅឆ្នាំ 2018ទៀតដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះម្ដង៕