នៅពេល Jeff Bezos ចាកចេញពីតំណែង CEO កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រុមហ៊ុនយក្ស Amazon ដែលលោកបានកសាងឡើង កំពុងតែរីកមាឌលឿនជាងពេលណាៗទាំងអស់។
ក្នុងអំឡុង 27 ឆ្នាំ លោក Jeff Bezos បានប្រែក្លាយ Amazon ទៅជាក្រុមហ៊ុនដ៏ធំមួយក្នុងពិភពលោក ដែលមានអំណាច និងឥទ្ធិពលយ៉ាងសម្បើម នៅក្នុងវិស័យជាច្រើន។ ទ្រព្យសម្បត្តិរបស់ Jeff Bezos និងក្រុមហ៊ុន Amazon ក៏បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។
ក្រៅពីការដណ្ដើមបានជោគជ័យក្នុងវិស័យពាណិជ្ជកម្មអនឡាយ ក្រុមហ៊ុន Amazon ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យជាច្រើនទៀត ក្នុងនោះមានដូចជាសេវាកម្ម កុំព្យូទ័រពពក (cloud computing) កម្សាន្ត និងសេវាផ្សាយពាណិជ្ជកម្ម។
ចាប់ពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រោយពីបានប្រគល់តំណាង CEO ឱ្យ Andy Jassy ដើម្បីក្លាយជាប្រធានក្រុមហ៊ុន មហាសេដ្ឋី Jeff Bezos នឹងឈានចូលដល់ជីវភាពថ្មី ហើយលោកនឹងចំណាយពេលវេលាច្រើនជាងមុន ទៅលើកិច្ចការស្រាវជ្រាវអវកាស កិច្ចការមនុស្សធម៌ ទិញអចលនទ្រព្យ និងនាវាទេសចរណ៍។
ធ្វើជំនួញក្នុងវិស័យជាច្រើន
ក្រុមហ៊ុនស្រាវជ្រាវ eMarketer បានឱ្យដឹងថា Amazon គ្រប់គ្រងផ្នែកលក់រាយអនឡាញ ប្រមាណ 41% ក្នុងចំណោមផលិតផលលក់រាយតាមអនឡាញសរុបរបស់ សហរដ្ឋអាមេរិក។ ប៉ុន្តែ Amazon ក៏បាននាំមុខគេក្នុងវិស័យសេវាកម្មកុំព្យូទ័រពពក និងជា «មហាអំណាច» មួយក្នុងវិស័យផ្សាយពាណិជ្ជកម្ម ដែលប្រកួតប្រជែងនឹង Google និង Facebook ផងដែរ។ Amazon ក៏វាយលុកទៅក្នុងវិស័យផ្ដល់សេវាកម្មអនឡាញ និងផលិតផលឆ្លាតវៃ។
ការជ្រើសរើសបុគ្គលិក
Amazon បានជ្រើសរើសបុគ្គលិកបន្ថែម ជាង 500,000 នាក់ នៅជុំវិញពិភពលោក នាឆ្នាំ 2020 ហើយក្នុងឆ្នាំបន្តបន្ទាប់ទៀត ក្រុមហ៊ុននេះ អាចយកឈ្នះ Walmart ដើម្បីក្លាយជាអ្នកជ្រើសរើសបុគ្គលិកច្រើនជាងគេបង្អស់នៅ សហរដ្ឋអាមេរិក។
ដើមឆ្នាំ 2021 នេះ Amazon បានជ្រើសរើសបុគ្គលិកបន្ថែមជិត 4,000 នាក់ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានបុគ្គលិកការិយាល័យចំនួនជាង 130,000នាក់ ក្នុងចំណោម 950,000 នាក់ របស់ខ្លួន ដែលកំពុងធ្វើការនៅ សហរដ្ឋអាមេរិក។
ជោគជ័យនៅ Hollywood
Amazon បានចាប់ផ្ដើមចូលប្រលូកក្នុងវិស័យឧស្សាហកម្មភាពយន្តកាលពីឆ្នាំ 2010 តាមរយៈ Amazon Studios។ បច្ចុប្បន្ន ពួកគេគឺជាផលិតកម្ម និងជាអ្នកផ្គត់ផ្គង់ភាពយន្តដែលមានឈ្មោះល្បីល្បាញ។ ខ្សែភាពយន្តរបស់ Amazon ដែលទទួលបានជោគជ័យច្រើនជាងគេ មានដូចជា រឿង “The Marvelous Mrs. Maisel”, “Manchester by the Sea” និង “Sound of Metal” ជាដើម។
គម្រោងវិនិយោគដទៃ
មហាសេដ្ឋី Bezos មានគម្រោងហោះទៅកាន់ទីអវកាស នៅថ្ងៃទី 20 ខែកក្កដា ខាងមុខ។ លោក ក៏នឹងផ្ដោតទៅលើកិច្ចការមនុស្សធម៌ អាកាសធាតុច្រើនជាងមុនផងដែរ។ លោក Bezos គឺជាមហាសេដ្ឋីលំដាប់ទីមួយក្នុងពិភពលោក ដោយមានទ្រព្យប្រមាណ 200 ពាន់លានដុល្លារអាមេរិក នេះបើតាម Bloomberg Billionaires Index៕
ប្រភព ៖ WSJ
ប្រែសម្រួល ៖ បុត្រា