Lionel Messi កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន កៀកនឹងថ្ងៃ ដែលត្រូវដើរចេញពីក្លិប Barcelona ទៅហើយ ព្រោះថា កុងត្រារបស់គេនឹងផុតជាស្ថាពរនៅថ្ងៃទី31 ខែមិថុនា ឆ្នាំនេះហើយ។ ការផុតកុងត្រានេះ នឹងធ្វើឱ្យគេមានសិទ្ធិ ក្នុងការចេញទៅចូលរួមជាមួយក្លិបផ្សេងទៀតណាមួយក៏បាន ដោយមិនមានតម្លៃខ្លួន ។
មកទល់នឹងពេលនេះ នៅសល់ប្រមាណជា 10ថ្ងៃទៀតតែប៉ុណ្ណោះ ភាគីទាំងសងខាង ទាំងក្លិប Barcelona និង Messi នៅមិនទាន់បានបញ្ជាក់អំពីកុងត្រាថ្មីនៅឡើយទេ តែក្លិបក៏បានបញ្ជាក់ដែរថា ក្លិបនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីបន្តកុងត្រា ហើយនឹងធ្វើឱ្យកីឡាករល្អបំផុតរបស់ក្លិបរូបនេះ បញ្ចប់អាជីពនៅទីនេះតែម្តង(មិនឱ្យទៅណាឡើយ)។
គួរឱ្យដឹងដែរថា បន្ទាប់ពីលោក Laporta ចូលកាន់តំណែងប្រធានក្លិបមក លោកបានធ្វើគ្រប់យ៉ាង ដើម្បីអាចបន្ដកុងត្រាថ្មីឱ្យ Messi។ រហូតដល់ប៉ុន្មានសប្ដាហ៍មុននេះ បានធ្លាយដំណឹងឡើងថា ប្រធានក្រុមរូបនេះ បានយល់ព្រមបន្តកុងត្រាថ្មីហើយ ដោយមានរយៈពេលដល់ទៅ 2ឆ្នាំឯណោះ និងរង់ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ៕