បន្ទាប់ពីយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល 3-1សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាស្នូកឃ័រ ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កីឡាការិនីស្នូកឃ័រឆ្នើមរបស់ កម្ពុជា លោកស្រី ស្រួង ភាវី បានក្លាយជាជើងឯកលើកដំបូង នៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2021។
«ការប្រកួតនេះ បានធ្វើឡើងរយៈពេល 8ថ្ងៃ ចាប់ពីថ្ងៃទី14 រហូតដល់ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021» នេះបើតាមការបញ្ជាក់របស់លោកស្រី ស្រួង ភាវី
។ លោកស្រីបន្ថែមថា នេះជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីបានចុះកិច្ចសន្យាប្រកួតតំណាងឱ្យក្រុមហ៊ុន Blue One Resort រយៈពេល 1ឆ្នាំ។
លោកស្រីបន្តថា កីឡាការិនីដែលបានចូលរួមការប្រកួតខាងលើ មានចំនួន 64នាក់ ដែលសុទ្ធសឹងតែជាជើងខ្លាំងកម្រិតពិភពលោក។ មុនពេលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ លោកស្រី ភាវី បានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លោកស្រី ភាវី ត្រូវប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung។ ដំបូងឡើយ Kim Gayoung នាំមុខ 11-7ពិន្ទុ នៅសិតទីមួយ ប៉ុន្តែ ក្រោយមកក៏ត្រូវលោកស្រី ភាវី យកឈ្នះ 3សិតជាប់គ្នា ដោយពិន្ទុ 11-4, 11-10 និង 11-9។ លទ្ធផលនេះ បានជួយឱ្យលោកស្រី ស្រួង ភាវី ក្លាយជាជើងឯកពានរង្វាន់ Blue One Resort LPBA Championship។
ការដណ្ដើមបានជើងឯកពានរង្វាន់នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន 20លានវ៉ុន ដែលប្រហាក់ប្រហែលនឹង 17,579ដុល្លារអាមេរិក។ លោកស្រី ភាវី ក៏ត្រូវបានគេចាត់ទុកថាជា «នារីខ្លាំង» នៅកូរ៉េខាងត្បូង ផងដែរ៕