Skip to content

ធនាគារជាតិ​ បើក​ឱ្យ​ពលរដ្ឋ​យកលុយ​ចាស់​ទៅ​ដូរ​យកលុយ​ថ្មី​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ៖ ដើម្បី​អបអ​សាទរ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ហៀបនឹង​ចូលមក​ដល់ឆាប់ៗនេះ ធនាគារជាតិ​នៃ​កម្ពុជា(NBC)បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​យក​ក្រដាសប្រាក់​រៀល​ដែលចាស់ៗ ទក់ៗ ឬរហែកៗមក​ដូរ​យក​ក្រដាសប្រាក់ថ្មីៗដើម្បី​យកទៅ​លេង​បុណ្យ​ភ្ជុំបិណ្ឌ ជូន​ពុក​ម៉ែ ជូន​យាយ ជូន​តា ឬ​ដាក់​បាត្រ​បួងសួង​ជូន​បុព្វការី​ជន ជាដើម។

ខឹ្ល​ម​សារ​នៃ​សេចក្តីជូនដំណឹង ស្តីពី​យុទ្ធនា​ការស្រឡាញ់​ប្រាក់រៀល ចុះ​ថ្ងៃទី31 នេះ​បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ​នឹង​ផ្តល់ជូន​នូវ​ឱកាសល្អ​ដល់​សាធារណជន​ដែលមាន​ក្រដាស​ប្រាក់រៀល ចាស់ៗ រហែកៗ ឬទក់ៗ មក​ប្តូរ​យក​ក្រដាសប្រាក់​ថ្មី​ពី​បញ្ជរ​បេឡា​ធនាគារជាតិ​នៃ​កម្ពុជា។ ការប្តូរ​ប្រាក់​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី11 ដល់​ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 នៅ​គ្រប់​សាខា​ធនាគារជាតិ​រាជធានី​ភ្នំពេញ-ខេត្ត(លើកលែង​ស្នាក់ការ​កណ្តាល)។

លោក ឈឹម ច័ន្ទ​កុសល ប្រធាន​នាយកដ្ឋាន​បោះផ្សាយ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា ការផ្តល់ជូន​នូវ​ការដូរ​យក​ក្រដាសប្រាក់ថ្មីៗទៅធ្វើ​បុណ្យ​នេះ គឺជា​ឱកាស​សម្រាប់​ឱ្យ​សាធារណជន​យកលុយចាស់ៗ ឬរហែកៗទៅ​ដូរ​ដោយ​មិនមាន​កាត់ទឹក​ដូច​នៅតាម​ផ្សារ ឬ​តាម​ទីតាំង​ដូរ​ប្រាក់​ឯកជន​នោះទេ។ ទាំងអស់នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចាយប្រាក់​រៀល​កាន់តែ​ច្រើនឡើង និង​ធ្វើជា​កាដូ​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *