មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមជុំវិញការបង្ហោះសារថា នី មុន្នីនាថ បានបោកប្រាស់គូដណ្ដឹងដោយនាងមិនត្រឹមតែពួកែសម្ដែងក្នុងសាច់រឿងប៉ុណ្ណោះទេ សូម្បីតែក្រៅសាច់រឿងក៏ប៉ិនប្រសប់រហូតទទួលបានពីគូដណ្ដឹងនូវលុយកាក់ គ្រឿងអលង្ការមាសពេជ្រជាច្រើន រួចហើយសុំផ្ដាច់ពាក្យពីគូដណ្ដឹងតែម្តងក្រោយពីបោកប្រាស់បានសម្រេចហើយ។
ការលើកឡើងជារឿងជារ៉ាវនេះ ត្រូវបានម្ដាយកញ្ញានី មុន្នីនាថ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយដោយច្រានចោលនូវពាក្យចោទប្រកាន់ទាំងនោះ និងចាត់ទុកថា ការសរសេរបែបនេះជាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកូនស្រីគាត់។ អ្នកស្រីបន្ដថា វាមិនមែនជាការពិតទេ ព្រោះកូនរបស់អ្នកស្រីមិនបានទៅបោកប្រាស់គូដណ្ដឹង ដើម្បីចង់បានផលប្រយោជន៍ ឬទ្រព្យសម្បត្ដិដូចអ្វីដែលគេបានលើកឡើងនោះឡើយ។
ជាមួយគ្នានេះអ្នកស្រីបានបញ្ជាក់ថា ចំពោះពាក្យដែលគេលើកឡើងថា ក្រោយពីមុន្នីនាថ បោកប្រាស់គូដណ្ដឹងបានសម្រេចហើយ នាងសុំផ្ដាច់ពាក្យនោះ វាមិនអាចទៅរួចទេ។ ពិសេសអ្នកស្រីបានសង្កត់ធ្ងន់ថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញហ្វេសប៊ុកមួយបង្ខូចឈ្មោះកូនស្រីខ្ញុំបែបហ្នឹង ចេះទៅរួចដែរដែលថា កូនខ្ញុំសុំផ្ដាច់ពាក្យពីគូដណ្ដឹងក្រោយពីបោកបានសម្រេចហើយ។ ផ្ដាច់ពាក្យយ៉ាងម៉េចបើពួកគេទាំងពីរនៅតែស្រឡាញ់គ្នាហ្នឹង!?”។
ការលើកឡើងរបស់ម្ដាយកញ្ញានី មុន្នីនាថតាមរយៈពាក្យសម្ដីខាងលើ គឺកាន់តែធ្វើឱ្យមហាជនវង្វេងវង្វាន់អស់ហើយ ដោយសារតែពាក្យសំដីដែលអ្នកស្រីបានអះអាងនោះគឺថា កូនស្រីរបស់អ្នកស្រីនៅតែស្រឡាញ់គ្នាជាមួយគូដណ្ដឹង។ តែផ្ទុយទៅវិញ គូដណ្ដឹងរបស់កញ្ញានី មុន្នីនាថ បែរជាបានសរសេរសារនៅក្នុងបណ្ដាញសង្គមដោយបានបង្ហាញពីអារម្មណ៍ស្ដាយក្រោយចំពោះការចំណាយចិត្ដស្រឡាញ់របស់លោកទៅលើមនុស្សដែលខ្លួនស្រឡាញ់ ទៅវិញ។ ទោះយ៉ាងណាយើងមិនដឹងថា គណនីហ្វេសប៊ុកឈ្មោះថា Solang Ung ជាគណនីពិត ឬក៏ក្លែងក្លាយនោះទេ។
យើងបានស្នើសុំការបកស្រាយពីម្ដាយរបស់កញ្ញានី មុន្នីនាថដែរ តែពុំបានសម្រេច ហើយយើងនៅតែស្វាគមន៍ចំពោះការបកស្រាយពីសាមីខ្លួន ពិសេសអ្នកពាក់ព័ន្ធជុំវិញរឿងនេះដើម្បីឈានទៅដល់ការបញ្ចប់ក្តីមន្ទិលរបស់មហាជន៕