ប្រជាជនអាហ្វ្រិកខាងត្បូង ជាង 3ពាន់នាក់ ដែលបាន និងកំពុងនាំគ្នាជីក គាស់ដី ក្នុងបំណងស្វែងរកត្បូងមានតម្លៃ ដោយសង្ឃឹមថា នឹងបានផ្លាស់ប្ដូរជីវភាពដោយសារត្បូងពេជ្រ ក៏ប៉ុន្តែ ត្បូងដែលពួកគេរកបាន មានតម្លៃទាបណាស់។ នេះបើតាម Ravi Pillay ដែលជាសមាជិកម្នាក់ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងទេសចរណ៍ របស់ខេត្ត KwaZulu-Natal។
ក្រុមមន្ត្រីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី20 ខែមិថុនា បានឱ្យដឹងថា មនុស្សពីគ្រប់ទិសទីក្នុងប្រទេសនេះ បាននាំគ្នាសម្រុកចូលមកកាន់ភូមិ KwaHlathi ដែលស្ថិតនៅក្នុងខេត្ត KwaZulu-Natal ចាប់ពីថ្ងៃទី12 ខែមិថុនា ក្រោយពីគង្វាលសត្វម្នាក់ គាស់បានថ្មចម្លែក ស្រដៀងនឹងត្បូង quartz ដ៏មានតម្លៃ។
«ការពិនិត្យ វាយតម្លៃនានា បានបញ្ជាក់ថា ត្បូងទាំងឡាយដែលត្រូវបានរកឃើញនៅក្នុងភូមិនេះ មិនមែនជាពេជ្រ ដូចដែលមនុស្សជាច្រើនរំពឹងទុក។ តម្លៃរបស់វា មិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែ បើមាន (តម្លៃ) វាក៏ប្រាកដជាទាបឆ្ងាយ បើធៀបនឹងត្បូងពេជ្រ» Ravi Pillay រៀបរាប់។
នៅតំបន់ជាច្រើន នៃប្រទេសអាហ្វ្រិកខាងត្បូង អត្រាបាត់បង់ការងារ និងភាពក្រីក្រ ដែលមានកម្រិតខ្ពស់ ធ្វើឱ្យពលរដ្ឋជួបការលំបាក និងសង្ឃឹមលើការរុករកត្បូងនៅក្នុងភូមិ KwaHlathi។
Ravi Pillay និយាយថា ថ្វីបើពលរដ្ឋដែលមករកត្បូង បានថយចុះមកនៅត្រឹមប្រហែល 500នាក់ ប៉ុន្តែ រណ្ដៅជម្រៅរហូតដល់ 1ម៉ែត្រ ដែលពួកគេបានបន្សល់ទុក អាចបង្កគ្រោះថ្នាក់ដល់សត្វចិញ្ចឹម។
Ravi Pillay ក៏មានការព្រួយបារម្ភថា ការដែលមនុស្សប្រមូលផ្ដុំច្រើន អាចនាំឱ្យឆ្លងរាលដាលនៃវីរុសCovid-19 ដូច្នេះ អាជ្ញាធរ បានស្នើឱ្យគ្រប់គ្នា ប្រញាប់ចាកចេញ ពុំនោះទេ នឹងអាចត្រូវប៉ូលិសធ្វើអន្តរាគមន៍ បើសិនជាចាំបាច់៕
ប្រភព៖ Guardian
ប្រែសម្រួល៖ បុត្រា