ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់មិនមានសញ្ញាថមថយទេនៅក្នុងឆ្នាំនេះ ដោយគិតត្រឹមរយៈពេល7ខែឆ្នាំនេះទំហំទឹកប្រាក់វិនិយោគក្នុងវិស័យនេះមានជិត4ពាន់លានដុល្លារអាមេរិក កើនឡើងជាង27ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ភឿង សោភ័ណ្ឌ បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា មកដល់បច្ចុប្បន្ន វិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាក់ស្តែងមកដល់ពេលនេះក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងក្រុមហ៊ុននៅក្នុងស្រុកបានបោះទុនយ៉ាងច្រើនលើការងារសំណង់ខ្ពស់ៗ និងទំនើបៗដូចជាទីក្រុងរណប ឬជាអគារពាណិជ្ជកម្មជាដើម ហើយបើគិតក្នុងរយៈពេល2ឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានកើនឡើងជាលំដាប់ ជាក់ស្តែងកាលពីឆ្នាំ2016 វិស័យនេះមានទុនវិនិយោគចំនួន5ពាន់លានដុល្លាអាមេរិក និងរយៈពេល7ខែឆ្នាំនេះទុនវិនិយោគមានរហូតដល់ជិត4ពាន់លានដុល្លារ។
លោកបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងសង្កេតឃើញថា មានអគារខ្ពស់ៗជាច្រើនដែលបានរីកដុះដាលឡើងរួមជាមួយការរចនាម៉ូតយ៉ាងល្អប្រណីត និងទាន់សម័យ ជាក់ស្តែងព្រឹត្តិការណ៍ការតាំងពិព័រណ៍ពាណិជ្ជកម្មលំដាប់អន្តរជាតិនៅថ្ងៃខាងមុខនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មសំណង់ដែលមិនអាចមើលរំលងបានឡើយ ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកជាសំណួរថា តើទឹកប្រាក់ប៉ុន្មានពិតប្រាកដដែលចូលមកក្នុងវិស័យនេះ? ខណៈគម្រោងខ្លះប្រកាសពីការសាងសង់ចំណាយទុនអស់10លានដុល្លារ ប៉ុន្តែប្រកាសគម្រោងរបស់ខ្លួនមានទុនវិនិយោគរហូតដល់50លានដុល្លារ ដោយសារពួកគេបានបូកបញ្ចូលនូវតម្លៃដែលគេព្យាករថាលក់បាន។ ទំហំទុនវិនិយោគដែលបានប្រកាស និងទឹកប្រាក់ដែលហូរចូលមកក្នុងវិស័យនេះពិតប្រាកដ ទំនងជាមិនស៊ីចង្វាក់គ្នាទេ។
ការលើកឡើងរបស់លោក គីម ហ៊ាង ហាក់មានលក្ខណៈវិទ្យាសាស្ត្រ ព្រោះជាក់ស្តែងគម្រោងវិនិយោគដែលបានប្រកាសសាងសង់នៅឆ្នាំនេះមានចំនួនតិចតូចបំផុតធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឆ្នាំនេះមានគម្រោងវិនិយោគតែមិនប៉ុន្មានកន្លែងប៉ុណ្ណោះដែលបានប្រកាសសាងសង់មានដូចជា គម្រោងខុនដូអ័រគីដេវីឡា គម្រោងខុនដូនៅខេត្តព្រះសីហនុ និងគម្រោងបុរីមួយចំនួនទៀតប៉ុណ្ណោះ៕