Jordan Pisey ជាកូនខ្មែរសុទ្ធសាធ រស់នៅសហរដ្ឋអាមេរិក មានអាយុ 22ឆ្នាំ ទើបតែបានជាប់ក្នុងបញ្ជឺកីឡាករលោតទឹក នៃក្រុមជម្រើសជាតិអាមេរិក ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាពិកឆ្នាំ2021 ដែលនឹងធ្វើឡើងនៅប្រទេសជប៉ុន ក្រោយពីគេបានបំបាក់កីឡាករឆ្នើមអាមេរិកជាច្រើនរូប នឹងឈ្នះមេដាយជាច្រើនពីការប្រកួតក្នុងស្រុក។
ជាមួយទេពកោសល្យល្អខាងកីឡាលោតទឹកនេះ Jordan Pisey ត្រូវបានអតីតកីឡាករជម្រើសជាតិអាមេរិកម្នាក់ យកទៅរស់នៅ នឹងបង្ហាត់ជំនាញកីឡាលោតទឹកនេះ តាំងពី Pisey អាយុ 7ឆ្នាំ ហើយនៅពេលអាយុបាន 12ឆ្នាំ Pisey បានប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិ លើវិញ្ញាសាលោតទឹកកម្ពស់ 10ម៉ែត្រ ព្រមទាំងបានឈ្នះមេដាយមាស ក្នុងការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona ទៀតផង រួចហើយក៏បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ នាការប្រកួតថ្នាក់ជាតិ 2ផ្សេងទៀត និងជាពិសេសក្នុងឆ្នាំ2016 នេះ Jordan Pisey ថែមទាំងបានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតហែលទឹកកម្រិតពិភពលោកមួយ នៅប្រទេសព័រតូរីកូទៀតផង។
គួរឱ្យដឹងដែរថា Pisey ធ្លាប់បានមកលេងប្រទេសកម្ពុជា ម្ដងរួចមកហើយ កាលពីឆ្នាំ2016 ដោយធ្លាប់បានជួបជាមួយនឹងប្រធានសហព័ន្ធហែលទឹកកម្ពុជា ដែលនៅពេលនោះរូបគេបាននិយាយថា គេចង់វិលមកជួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីដណ្តើមមេដាយ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិនាពេលអនាគតទៀតផង៕