Skip to content

ប្រជាជន​នឹង​ចេះ​បច្ចេកទេស​ដាំ​ត្រប់​ចេញ​ផ្លែ​ប៉េងប៉ោះ

កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​កសិករ ហើយ​នាពេលថ្មីៗនេះ​ប្រទេស​យើង​ក៏​ជួប​បញ្ហា​មួយចំនួន​ផងដែរ ព្រោះ​មាន​បន្លែ​ជាច្រើន​មាន​បញ្ហា​ខ្វះ​ទីផ្សារ ខណៈ​មាន​បន្លែ​មួយចំនួន​បែរជា​ខ្វះខាត​ច្រើន រហូត​នាំចូល​បន្លែ​ពី​បរទេស​រាប់រយ​តោន​ជា​រៀងរាល់ថ្ងៃ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ គម្រោង​សាកវប្បកម្ម​កម្ពុជា សហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​មន្ត្រី​បច្ចេកទេស​កសិកម្ម​ពី​របៀប​បង្កាត់​ពូជ​បន្លែ និង​ដំណាំ​ដើម្បីឱ្យ​មន្ត្រី​ទាំងអស់នោះ​យកចំណេះ​ជំនាញ​ដែលមាន​ទៅ​បង្ហាត់​បន្ត​ដល់​កសិករ​ក្នុង​គោលបំណង​ជំរុញ​ការដាំ​បន្លែ​សរីរាង្គ​នៅក្នុង​ស្រុក និង​ទប់ស្កាត់​ការនាំ​ចូល។

ទីប្រឹក្សា​គម្រោង​សាកវប្បកម្ម​កម្ពុជា លោក ប៊ុន សា​បន បាន​លើកឡើងថា សាកវប្បកម្ម​ជា​បច្ចេក​ទេស​ថ្មី​មួយទៀត​ដែល​មន្ត្រី​ជំនាញ នឹង​ចុះទៅ​ផ្តល់​បទពិសោធ​ដល់​កសិករ​ឱ្យទទួល​ចំណេះដឹង​បន្ថែម​សម្រាប់​ការអនុវត្ត​ដាំ​បន្លែ​សរីរាង្គ​នៅតាម​មូលដ្ឋាន។

លោក ប៊ុន សា​បន បាន​និយាយថា៖ «បន្លែ​សរីរាង្គ ទទួលបាន​ទិន្នផល​ខ្ពស់​មាន​ទីផ្សារ​ងាយស្រួល​លក់ដូរ ហើយ​ជួយ​គាំពារ​សុខភាព​អ្នក​បរិភោគ​ទៀតផង។ ដូចនេះ​ការបង្ហាត់បង្រៀន​ការជ្រើសរើស​ពូជ ការ​បង្កាត់​ពូជ បច្ចេកទេស​ថែទាំ ដាំ​ដំណាំ​ជា​ចំណែក​លើកស្ទួយ​ផ្នែក​កសិកម្ម​ហើយ​មន្ត្រី​យើង​អាចជួយ​កសិករ​បាន»។

លោក​បានបញ្ជាក់​ផងដែរ​ថា តាមរយៈ​បច្ចេកទេស​សាកវប្បកម្ម​នេះ អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​បាន​ច្រើន​ដោយ​មិនបាច់​សូវ​ខ្វល់​ពី​រឿង​បញ្ហា​ដី​នោះទេ ព្រោះ​កសិករ​អាច​ដាំ​ដំណាំ​ណា​ដែល​ត្រូវ​នឹង​ដី បន្ទាប់មក​បង្កាត់​ពូជ​ផ្លែឈើ​ដែល​មិនអាច​ដាំ​ដោយផ្ទាល់​នៅលើ​ដើមឈើ​នោះ កសិករ​នឹង​ទទួលបាន​ផ្លែឈើ​ដែល​គាត់​ចង់បាន​ដោយ​ងាយ។

អ្នកស្រី លឹម សុផាត អនុប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​ខេត្តស្ទឹងត្រែង​ដែលមាន​ការគាំទ្រ​ពី​គម្រោង​សាកវប្បកម្ម​កម្ពុជា​បាន​លើកឡើងថា ចំណេះដឹង​ដែល​ទទួលបាន​ពី​មន្ត្រី​ជំនាញ អាច​នឹង​ក្លាយជា​មូលដ្ឋាន​សំខាន់​ក្នុងការ​បង្ហាត់បង្រៀន​ដល់​កសិករ។ ចំណេះដឹង​ទាំងនេះ​អាចជួយ​ឱ្យ​កសិករ​បង្កាត់​ពូជ​ប៉េងប៉ោះ​ជាមួយ​ត្រប់​បាន ដែល​វា​ជា​រឿង​ល្អ​មួយ​ដែល​អ្នក​ក​ស្រី​ត្រូវការ​សម្រាប់​ខេត្ត​របស់​អ្នកស្រី ព្រោះ​ប្រជាកសិករ​មាន​បញ្ហា​ដី​ដែល​មិនអាច​ដាំ​ដើម​ប៉េងប៉ោះ​បាន ព្រោះ​នៅ​គ្រប់​ចម្ការ​មានទឹក​ជោគជាំ​ច្រើន​ដែល​ធ្វើឱ្យ​វា​រលួយ​គល់ តែ​បន្ទាប់ពី​បាន​សិក្សា​កម្មវិធី​នេះហើយ លោកស្រី​អាច​ដាំ​ដើម​ត្រប់​ជំនួស​ដើម​ប៉េងប៉ោះ បន្ទាប់មក​ទើប​បង្កាត់​ពូជ​ប៉េងប៉ោះ​ឱ្យ​វា​ផ្លែ​នៅលើ​ដើម​ត្រប់​ដែល​ស៊ាំ​ជាមួយនឹង​ស្ថានភាព​ដី​បាន។

បង្ហាញ​លើ​ចំណុច​ស្រដៀង​គ្នា​នេះ លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា បច្ចេកទេស​សាកវប្បកម្ម​ជា​បច្ចេកទេស​ដែល​អាចជួយ​កសិករ​អនុវត្តបាន​ដោយ​ជោគជ័យ ព្រោះ​វា​អាចជួយ​ឱ្យ​កសិករ​ផលិត​បាន​ផលដំណាំ​ច្រើន ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ហើយ​អាច​ទប់ស្កាត់​ការ​នាំចូល​បន្លែ​ពី​បរទេស​បាន។

លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមទៀតថា ចំណែកឯ​ការ​បង្កាត់​ពូជ​ប៉េងប៉ោះ​ជាមួយនឹង​ត្រប់​នេះ ជា​លើក​ទី1 ហើយ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​យកមក​បណ្តុះបណ្តាល បន្ទាប់ពី​វិធីសាស្ត្រផ្សេងៗទៀត​ដែល​លោក​បាន​បង្ហាត់បង្រៀន​ជាច្រើនលើក​នៅ​បណ្តា​ស្រុក​នានា។

គម្រោង​សាកវប្បកម្ម​កម្ពុជា​ទទួល​បាន​ថវិកា​គាំទ្រ​ពី​ប្រទេស​ស្វ៊ី​ស និង​បាន​បង្ហាត់បង្រៀន​ដល់​មន្ត្រី​កសិកម្ម និង​អ្នកពាក់ព័ន្ធ​ពី​ខេត្ត​ចំនួន 5 ដែលមាន​កសិករ​កំពុង​ចាប់យក​អាជីព​ដាំ​បន្លែ ដូចជា​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តកណ្តាល៕

 

Leave a Reply

Your email address will not be published. Required fields are marked *