សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឬ AFF ប្រកាសឱ្យដឹងជាផ្លូវការ អំពីថ្ងៃចាប់ឆ្នោតចែកពូល នៃពានរង្វាន់ AFF Suzuki Cup 2020 នៅទីក្រុងកួឡាឡាំពួ កាលពីថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 ដោយសហព័ន្ធបាល់ទាត់ក្នុងតំបន់មួយនេះ បានបញ្ជាក់នៅថ្ងៃទី2 ថា ការចាប់ឆ្នោតចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2020 នេះ នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី10 ខែសីហា ឆ្នាំ2021។ សម្រាប់ព័ត៌មានលម្ពិតនៃការចាប់ឆ្នោត រួមទាំងទីកន្លែង និងរូបមន្តប្រកួត ក៏នឹងត្រូវប្រកាសនៅក្នុងកម្មវិធីចាប់ឆ្នោតចែកពូលនេះដែរ។
ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ សូមប្រកាសប្រាប់ពីកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលជាផ្លូវការ សម្រាប់ការប្រកួតឆ្នាំនេះ។ ខណៈដែល AFF មានគោលបំណងយ៉ាងមុតមាំ ក្នុងការរៀបចំការប្រកួត ក្រោមរូបមន្តពេញលេញមួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតក្នុងទឹកដី(Home) និងក្រៅទឹកដី(Away) នៅគ្រប់ដំណាក់កាលនៃការប្រកួត ប៉ុន្តែយើងក៏ទទួលស្គាល់នូវតម្រូវការនៃការស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-19 ដែលអាចរាប់បញ្ចូលនៃជម្រើសរូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្តាល (Centralized Venues) រួមមួយ សម្រាប់ព្រឹត្តិការណ៍នេះ ដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា»។
គួរឱ្យដឹងដែរថា ពានរង្វាន់មួយនេះ គ្រោងនឹងធ្វើឡើង កាលពីចុងឆ្នាំ2020 កន្លងទៅ តែដោយសារតែជំងឺរាតត្បាតកូវីដ-19 បានធ្វើឱ្យពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ានមួយនេះ បានផ្លាស់ប្តូរកាលបរិច្ឆេទ រហូតចុងក្រោយនេះ គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់ថ្ងៃទី1 ខែមករា ឆ្នាំ2022៕