នារីៗយើងណាដែលត្រូវធ្វើដំណើរឆ្ងាយៗញឹកញាប់ អាចប្រហែលជាមានបញ្ហាក្នុងរឿងរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីស ឬកាបូបធ្វើដំណើរខ្លះៗជាមិនខាន ដូច្នេះថ្ងៃនេះ សូមមកមើលការណែនាំ ក្នុងការរៀបចំកាបូបធ្វើដំណើរ បែបសប្បាយៗ មិនញ៉ុកណែនជ្រុលពេក ដើម្បីឱ្យអ្នកនាងបានយកសម្លៀកបំពាក់ឈុតស្អាតៗ ទៅស្លៀកយ៉ាងឆើតឆាយ គ្រប់ដំណើរទៅទីជិត-ឆ្ងាយទាំងឡាយបានយ៉ាងសប្បាយចិត្ត។
-ចំណាយលុយទិញវ៉ាលីស ឬកាបូបធ្វើដំណើរណា ដែលមានទម្ងន់ស្រាល៖ សម័យនេះ មានកាបូបធ្វើដំណើរ(វ៉ាលីស) ដែលផលិតឡើងពីវត្ថុធាតុដើម ដែលមានទម្ងន់ស្រាល និងងាយស្រួលក្នុងការយួរ ឬយកតាមខ្លួន សម្រាប់ឱ្យយើងជ្រើសរើសទិញប្រើ ច្រើនម៉ូដ ច្រើនម៉ាកណាស់ ដូច្នេះគួរចំណាយប្រាក់ទិញកាបូបណាមួយ ដែលគិតថាសក្តិសមនឹងខ្លួនអ្នកទៅ តែប៉ុណ្ណឹងក៏គ្រប់គ្រាន់ទៅហើយ។
-ដាក់តាមខ្លួន នូវកាបូបស្ពាយបន្ថែមមួយទៀត៖ ជ្រើសរើសយកកាបូបស្ពាយធំល្មមមួយ ដែលមានម៉ូដស្អាត តែផ្ទុករបស់បានច្រើន នោះអ្នកនឹងបានកាបូបស្អាតមួយ ទុកស្ពាយពេលធ្វើដំណើរទៅលំហែកាយ ឬទៅធ្វើការនៅតាមខេត្តយ៉ាងងាយស្រួលមិនខាន។
-ស្លៀកសម្លៀកបំពាក់ណាដែលធ្ងន់ជាងគេបំផុត៖ បើត្រូវឡើងយន្តហោះ បើមានអាវធំក្រៅ ឬអាវជេកខេត ដែលត្រូវយកទៅដែរនោះ ក៏ពាក់វាជាប់នឹងខ្លួនតែម្តងទៅ ដើម្បីកាត់បន្ថយទម្ងន់របស់កាបូបធ្វើដំណើរ។ ខោខូវប៊យ និងស្បែកជើងប៊ូត-កវែង ក៏ជាអ្វីដែលអ្នកគួរស្លៀក សម្រាប់ការធ្វើដំណើរដែរ។
-សង្កត់ធ្ងន់លើអាវ និងរ៉ូបដ្រេស៖ អ្នកអាចយកខោទៅតែ 1ឬ2 បានហើយ ក្នុងអំឡុងពេលធ្វើដំណើរខ្លីៗ បន្ទាប់ពីនោះកន្លែងដែលនៅសល់ក្នុងវ៉ាលីស ក៏ចាត់ការដាក់អាវ និងសម្លៀកបំពាក់ឈុត ដែលត្រូវស្លៀកឱ្យបានរៀបរយ។
-កំណត់ចំនួនវត្ថុតុបតែងខ្លួន បន្ទាប់បន្សំ៖ សូមណែនាំឱ្យយកទៅ តែគ្រឿងតុបតែងខ្លួនណាដែលស្អាតៗ និងស៊ីគ្នាជាមួយសម្លៀកបំពាក់ឈុតដែលអ្នកយកទៅដែរនោះបានហើយ វានឹងជួយសន្សំសំចៃទីកន្លែងនៅក្នុងវ៉ាលីសបានច្រើនផង។
-គ្រឿងម៉េកអាប់ ឬគ្រឿងសម្អាង និងគ្រឿងប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន៖ គួររៀបចំជាឈុត ទុកសម្រាប់ប់ការធ្វើដំណើរជាស្រេច។
តាមរយៈវិធី ដែលបានរៀបរាប់មកខាងលើ ធានាថា លោកអ្នក ឬនារីៗយើង នឹងបានសប្បាយស្រួលខ្លួន មិនចាំបាច់កង្វល់ ខ្លាចមិនបានយកសម្លៀកបំពាក់ល្អៗ ឬវត្ថុប្រើប្រាស់ចាំបាច់ណាទៅជាមួយឡើយ ហើយនឹងបានរីករាយក្នុងដំណើរឆ្ងាយៗនោះជាមិនខាន៕