ក្នុងទិសដៅ ពង្រឹង និង អភិវឌ្ឍន វិស័យកីឡា ក៍ដូចជា ការត្រៀមខ្លួនអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ ២០២៣នោះ លោក ស៊ាន បូរ៉ាត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងចំៗឱ្យ អគ្គនាយកដ្ឋានកីឡា ធ្វើយ៉ាងមិច ត្រូវតែ បញ្ជាសបញ្ហារាំងស្ទះអោយបានដាច់ខាត ក្នុងដំណើរឆ្ពោះទៅកាន់ភាពជោកជ័យ។
លោក ស៊ាន បូរ៉ាត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោកបានមានប្រសាសន៍បែបនេះ ក្រោយពីបានទទួលរបាយការណ៍របស់អគ្គនាយកដ្ឋានកីឡា ពីបញ្ហាប្រឈមជាច្រើនចំណុច ដែលក្នុងនោះរួមមាន កញ្ចប់ថវិកាមិនទាន់ឆ្លើយតបទៅនឹងផែនការសកម្មភាព, កង្វះហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ហ្វឹកហាត់ និងប្រកួត, កង្វះធនធានកីឡាករ និងគ្រូបង្វឹកដែលមានគុណភាព, កង្វះលិខិតបទដ្ឋានស្តីពីការគ្រប់គ្រង និងអនុវត្តលើអនុវិស័យអប់រំកាយ និងកីឡា និងកង្វះកម្មវិធីអនុវត្តន៍អប់រំកាយ និងកីឡានៅតាមបណ្តាខេត្តមួយចំនួន។
ដើម្បី ចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យកីឡា នៅតាមបណ្តាខេត្ត អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា លោក អ៊ុក សិទ្ធិជាតិ បានឲ្យក្រសួងអប់រំបង្កើនល្បឿននៃការជួសជុល កែលម្អ និងកសាងទីលានកម្រិតស្តង់ដានៅតាមខេត្ត និងបង្កើនការបណ្តុះបណ្តាលជំនាញដល់គ្រូបឋម និងគ្រូទទួលបន្ទុកកីឡានៅតាមសាលារៀន។ សហការជាយមួយសហព័ន្ធបើកវគ្គបំប៉នជំនាញដល់មន្ត្រីដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាលនៅតាមរាជធានី-ខេត្ត ជាពិសេសរៀបចំសិក្ខាសាលារៀងរាល់ឆ្នាំ ដើម្បីពិនិត្យបញ្ហាឲ្យកាន់តែស៊ីជម្រៅ និងជាក់លាក់។
ទន្ទឹមនឹងការលើកឡើងពីបញ្ហាប្រឈមនេះដែល លោកក៍បានឱ្យ អគ្គនាយកដ្ឋានកីឡាធ្វើការបណ្ដុះបណ្ដាល នៅគ្រប់ខេត្តក្រុង ដោយមានការអនុញ្ញាតដាក់កម្មវិធីអប់រំកាយ និងកីឡាក្នុងកម្មវិធីសិក្សារបស់គ្រឹះស្ថានសិក្សា, អនុញ្ញាតឲ្យសិស្សមានទេពកោសល្យទៅបន្តការហ្វឹកហាត់កីឡា, ចូលរួមរៀបចំការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន, រៀបចំប្រកួតជើងឯកប្រចាំឆ្នាំ, បណ្តុះបណ្តាលធនធានមនុស្សតាមរយៈបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស និងសហការជាមួយអង្គភាពពាក់ព័ន្ធ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា
ជាមួយគ្នានេះផងដែរលោក ស៊ាន បូរ៉ាត បានដាក់ចេញវិធានការ៥ចំណុចដើម្បីអភិវឌ្ឍនវិស័យកីឡាឱ្យទទួលបានជោកជ័យ គឺទី១ស្នើឲ្យអង្គសិក្ខាសាលាដាក់ជាធាតុចូលក្នុងមហាសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា, ទី២អគ្គនាយកដ្ឋានកីឡាត្រូវធ្វើកិច្ចសន្យាប្រតិភូកម្មជូនសហព័ន្ធកីឡាជាតិ, ទី៣សហព័ន្ធកីឡាជាតិត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យាទៅតាមផែនការដែលបានដាក់ចេញ, ទី៤ការិយាល័យកីឡារាជធានី-ខេត្ត ត្រូវពង្រឹងការស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥ការិយាល័យរាជធានី-ខេត្តត្រូវលើកផែនការថវិកាបញ្ចូលទៅក្នុងថវិការបស់មន្ទីរសាមី៕