បន្ទាប់ពីធ្វើឱ្យ Bitcoin ធ្លាក់ថ្លៃខ្លាំង ដោយសារតែបាន «បែរខ្នង» ដាក់ កាលពីពាក់កណ្ដាលខែឧសភា ពេលនេះ មហាសេដ្ឋី Elon Musk ក៏បែរជាបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Tesla អាចងាកមកទទួលយកការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុឌីជីថល នេះ ឡើងវិញ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla អាចនឹងអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួន ប្រើប្រាស់ Bitcoin ដើម្បីទូទាត់នៅក្នុងការទិញរថយន្ត នៅពេលក្រុមអ្នករុករក Bitcoin (Bitcoin Miners) ប្រើប្រាស់ថាមពលស្អាត និងសមស្រប។ «នៅពេលមានការបញ្ជាក់អំពីការប្រើប្រាស់ថាមពលស្អាត សមស្រប (ប្រហែល 50%) Tesla នឹងទទួលយកការទូទាត់ដោយប្រើ Bitcoin» លោក Musk សរសេរនៅលើទំព័រ Twitter កាលពីថ្ងៃទី13 ខែមិថុនា។
យោងតាម Coinmarketcap តម្លៃរបស់ Bitcoin បានកើនជាង 9% នៅក្នុងថ្ងៃទី13 ខែមិថុនា ពោលគឺឡើងដល់ជិត 39,000ដុល្លារ/Bitcoin។
ការលើកឡើងរបស់មហាសេដ្ឋី Elon Musk ខាងលើនេះ គឺដើម្បីឆ្លើយតបនឹងមតិរបស់ Magda Wierzycka នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Sygnian។ អ្នកស្រីយល់ថា សារដែលលោក Musk បានបង្ហោះអំពីតម្លៃរបស់ Bitcoin គឺជាការ «ប្រើល្បិចកលក្នុងទីផ្សារ» ហើយថា គណៈកម្មមូលបត្រ របស់ សហរដ្ឋអាមេរិក (SEC) គួរណាស់តែធ្វើការស៊ើបអង្កេត។
នៅក្នុងឯកសារដែលបញ្ជូនទៅកាន់ SEC កាលពីខែកុម្ភៈ Tesla ឱ្យដឹងថា ខ្លួនបានទិញ Bitcoin ក្នុងតម្លៃ 1.5ពាន់លានដុល្លារ។ ក្រោយមក ក្រុមហ៊ុននេះក៏បានអនុញ្ញាតឱ្យអតិថិជន ទូទាត់ថ្លៃទិញរថយន្ត Tesla ដោយរូបិយវត្ថុ Bitcoin។
ប៉ុន្តែ មិនយូរប៉ុន្មាន Elon Musk ក៏បានបែរខ្នងដាក់ Bitcoin ដោយប្រកាសថា ផ្អាកទទួលយកការទូទាត់ដោយ Bitcoin ព្រោះថា ប្រតិបត្តិការនៅក្នុងការជួញដូរ ឬផ្ទេរ Bitcoin គឺស៊ីភ្លើងខ្លាំង ដែលនេះ ប៉ះពាល់ដល់បរិស្ថាន រួមចំណែកធ្វើឱ្យអាកាសធាតុប្រែប្រួល។
លោក Musk កាលពីម្សិលមិញ ក៏បានច្រានចោលការចោទប្រកាន់របស់ Wierzycka ទាក់ទិននឹងទីផ្សារ Bitcoin។ លោក Musk និយាយថា «Tesla បានលក់ប្រហែល 10% ប៉ុណ្ណោះ នៅក្នុងចំណោម Bitcoin ដែលក្រុមហ៊ុននេះកំពុងកាន់កាប់» ដើម្បីបញ្ជាក់អំពីភាពងាយស្រួលក្នុងការជួញដូរ នៃរូបិយវត្ថុឌីជីថលនេះ។
ថ្មីៗនេះ អ្នកលេង Bitcoin ជាច្រើន មានការព្រួយបារម្ភ ខ្លាចលោក Musk ចូលមកកកូរតម្លៃរបស់ Bitcoin ជាថ្មី ក្រោយពីការបង្ហោះសារច្រើនលើក អំពីរូបិយវត្ថុនេះ។ ចាប់ពីដើមឆ្នាំ លោក Musk បានបញ្ចេញមតិជាបន្តបន្ទាប់អំពី Bitcoin, Dogecoin ធ្វើឱ្យតម្លៃរបស់បណ្ដារូបិយវត្ថុឌីជីថលទាំងនេះ ត្រូវឡើង-ចុះ ប្រែប្រួលយ៉ាងខ្លាំងក្លា៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា