សិស្សជាច្រើន ឬស្ទើរតែ 100% សុទ្ធតែមានការសប្បាយចិត្ត លាយឡំនឹងការសោកស្តាយ ភ័យ អរ និងរំភើបបន្ទាប់ពីការប្រឡងបាក់ឌុបចប់ តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវតែសម្រួលអារម្មណ៍ដើម្បីបន្តដំណើរដ៏វែងឆ្ងាយបន្ថែមទៀតទៅថ្ងៃអនាគត។
ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia លោក គីម ដារ៉ាបានលើកឡើងថា រំលឹកដល់អារម្មណ៍ពេលបាក់ឌុបហើយ កាលពី10ឆ្នាំមុន លោកមានអារម្មណ៍ថាសោកសៅជាខ្លាំង ពិសេសអន់ចិត្តដោយធ្វើកិច្ចការមានការធ្វើប្រហែលច្រើន តែនៅពេលដែលលោកគិតដល់ក្តីសុបិន្តដែលត្រូវចូលរៀនសាលាវិស្វកម្មដោយអាហារូបករណ៍លោកបានទុកភាពសោកសៅមួយឡែក ហើយវេចបង្វិចមកភ្នំពេញដើម្បីរៀននៅសាលាតិចណូ។
លោកបានបញ្ជាក់ថា គិតឡើងវិញ បើលោកនៅតែសោកសៅជាមួយនឹងបញ្ហាមួយចំនួននៃការប្រឡងបាក់ឌុប លោកប្រហែលជាមិនអាចប្រឡងបានអាហារូបករណ៏នោះទេ មិនតែប៉ុណ្ណោះលោកបានប្រើភាពសោកសៅ ដើម្បីទាញយកភាពជោគជ័យបន្ថែមទៀត ដោយលោកតែងតែប្រាប់ខ្លួនឯងថា ឈប់ប្រហែស ឈប់អំនួត ហើយត្រូវធ្វើការដោយផ្ចិតផ្ចង់។ ជាលទ្ធផល ក្រោយចប់បាក់ឌុបរយៈពេល 2ឆ្នាំ លោកប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។
លោក គីម ដារ៉ា បាននិយាយថា៖ «និយាយបកមកវិញ ខ្ញុំចង់និយាយថា ក្រោយចប់បាក់ឌុប បើទោះបីជាមិនទាន់ចេញលទ្ធផលក៏ដោយ ប្អូនៗមិនត្រូវទុកពេលវេលាឱ្យកន្លងទៅដោយឥតប្រយោជន៍នោះទេ ត្រូវតែប្រើវាក្នុងការសម្រួចសមត្ថភាពដើម្បីឈានទៅសម្រេចក្តីសុបិនរបស់ខ្លួន»។
និស្សិតកម្ពុជាដែលកំពុងសិក្សានៅបរទេស លោក សុខ ពិសី បានលើកឡើងថា ក្រោយប្រឡងបាក់ឌុបចប់ អ្វីដែលត្រូវធ្វើគឺសម្រាកប៉ុន្មានថ្ងៃ បន្ទាប់មកត្រូវត្រៀមចិត្ត ត្រៀមកាយដើម្បីសម្រួចគោលដៅរបស់ខ្លួន។ លោកបានចាប់ផ្តើមគិតពីចំណង់ចំណូលចិត្តដែលលោកមានពិតប្រាកដ បន្ទាប់មកសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ដើម្បីដឹងឱ្យច្បាស់ថាតើលោកត្រូវត្រៀមអ្វីខ្លះសម្រាប់ការចូលរៀននៅមហាវិទ្យាល័យ។
លោក សុខ ពិសី និយាយថា៖ «ទោះបីជាយើងមិនទាន់ដឹងច្បាស់ថាយើងជាប់ឬធ្លាក់ក៏ដោយ តែយើងអាចត្រៀមខ្លួនមុនឱ្យបានល្អដើម្បីចូលមហាវិទ្យាល័យ ឬធ្វើអ្វីបន្តទៀតបន្ទាប់ពីបញ្ចប់ការប្រឡង។ បើសិនជាយើងបានត្រៀមទុករួចរាល់នោះយើងនឹងដើរបានលឿន តែបើយើងបណ្តោយខ្លួនឱ្យខ្វល់ខ្វាយជាមួយនឹងរឿងដែលប្រឡង ហើយមិនព្រមធ្វើសកម្មភាពអ្វីសោះយើងអាចនឹងស្តាយក្រោយ»។
និស្សិតខាងលើបានបន្ថែមទៀតថា ចំណុចដែលសិស្សគួរធ្វើគឺ ចាប់ផ្តើមស្វែងយល់ពីខ្លួនឯងដោយការប្រឹក្សាជាមួយនឹងមនុស្សជុំវិញខ្លួន ឬសរសេរចូលនូវចំណុចដែលខ្លួនចង់ធ្វើនៅថ្ងៃអនាគត ដើម្បីត្រៀមខ្លួនដាក់ពាក្យចូលរៀន ឬប្រឡងអាហារូបករណ៍លើជំនាញដែលយើងស្រឡាញ់ពិតប្រាកដ៕